ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានដាក់បញ្ជាឱ្យកម្លាំងនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់មុខរបររត់ម៉ូតូកង់៣ ពីបទប្រើហិង្សាមានស្ថានទម្ងន់ទោសយកកាំបិតចាក់ជនជាតិចិនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរក្នុងក្រុងព្រះសីហនុ រួចហើយគេចខ្លួនទៅខេត្តសៀមរាប។ នេះបើយោងតាមប្រភពព័ត៌មានពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ បានឱ្យដឹងទៀតថា អំពើហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង០៤និង២១នាទីទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៉ីហ៊ូ ស្ថិតនៅក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ដើមហេតុ ជនរងគ្រោះឈ្មោះ CHEN JIALI ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន បានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុ ក៏កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ក្នុងពេលនោះអ្នកបើកម៉ូតូកង់៣ បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្សយ័បានគេចខ្លួនទៅខេត្តសៀមរាប ។
ក្រោយការស្រាវជ្រាវតាមជំនាញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០ នាទីល្ងាច កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕ ដោយ៖ស តារា