ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃលក់រាយ ប្រេងឥន្ធនៈគិតចាប់ពីថ្ងៃទី១៦ ដល់៣១ ខែតុលា ឆ្នាំ២០២១ បានឡើងថ្លៃចំនួន១០០រៀលទៀតក្នុង១លីត្រ ដោយសារតែ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិកើនឡើងដូចគ្នា ។
ជាក់ស្តែង សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាម ស្ថានីយ៍ដែលទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថាសម្រាប់ប្រេងសាំងធម្មតាក្នុងរយៈពេល២ សប្តាហ៍ទៅមុខទៀតពោលគឺ ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នឹងលក់ចេញក្នុងតម្លៃ ៤,៣០០រៀលក្នុង១លីត្រ ។
ចំណែកឯប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៤,០០០រៀល ក្នុង១ លីត្រ ខណៈដែលពេលកន្លងទៅ ពោលគឺ ចន្លោះពីថ្ងៃទី១ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតតម្លៃ ៣,៩០០រៀល ក្នុង១លីត្រ ។
ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជាទេពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនា តាមប្រកាសដូចមាន ក្នុងឯកសារ ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបន្តថាជាក់ស្តែងនាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេលដូចគ្នាខាងលើនឹងត្រូវលក់ ៤,៤៦០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤,១៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ។ ក៏ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ក្នុង១លីត្រ ទើបតម្លៃចុះមកត្រឹម ៤,៣០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និង តម្លៃ ៤,០០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕ ដោយ រ៉ា រ៉ា