ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជានិងយកអេស្ការទៅកាយដីចេញពីមាត់ប្រឡាយមួយកន្លែង ក្រោយពីប្រជាពលរដ្ឋបានចាក់ដីរំលោភយកមាត់ប្រឡាយ ដែលគេមើលឃើញថាអាចនិងប៉ះពាល់ដល់ការរំដោះទឹកភ្លៀងនិងទឹកជំនន់ នារដូវវស្សានោះ។
សូមបញ្ជាក់ថា ដីចំណីប្រឡាយមួយកន្លែងនៅចំណុចស្ពានទី១ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកាលពីកន្លងទៅថ្មីៗនេះមានប្រជាពលរដ្ឋបានចាក់ដីបម្រុងរំលោភ ធ្វើជាកម្មសិទ្ធិ ក៏ប៉ុន្តែបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកបានធ្វើការផ្សព្វផ្សាយពីសកម្មភាព ចាក់ដីរំលោភយកមាត់ប្រឡាយនោះមក ។ទើបអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមបញ្ជាផ្ទាល់របស់លោកសួន បវរ អភិបាលខេត្តទើបតែទទួលតំណែងថ្មីកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បានបញ្ជាឱ្យអាជ្ញាធរ ក្រុង សិរីសោភ័ណ ឱ្យយកអេស្ការកាយដីដែលបានចាក់រំលោភយកដីមាត់ប្រឡាយនោះចេញ ហើយបានថែមទាំងជីកកាយដីមាត់ប្រឡាយនោះឱ្យមានលក្ខណៈទ្រង់ទ្រាយដូចដើមវិញ។
គួរបញ្ជាក់ថា ប្រឡាយទឹកនៅចំណុចស្ពានទី១ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាជាប្រឡាយមេមួយមានសារៈសំខាន់ដែលភ្ជាប់ពីស្ទឹងម្កាក់សម្រាប់រំដោះទឹកជំនន់និងទឹកភ្លៀង ឱ្យហូរទៅផ្នែកខាងក្រោម។ ក៏ប៉ុន្តែប្រឡាយស្ពានទី១ នោះដែរ នៅពេលបច្ចុប្បន្នក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួន នាំគ្នាទៅធ្វើផ្ទះលើប្រឡាយទឹកនោះផងដែរ អាជ្ញាធរគ្រោងនិងឱ្យមានការដោះស្រាយគោលនោយបាយឱ្យប្រជាពលរដ្ឋទាំងនោះរើផ្ទះចេញដើម្បីរកដីឱ្យពួកគាត់ទៅរស់នៅលើទីតាំងថ្មីដោយយកប្រឡាយទឹកនោះធ្វើការអភិវឌ្ឍន៍ឡើងវិញក្នុងការបញ្ចៀសពីទឹកជំនន់ គ្រាដែលនៅខេត្តបន្ទាយមានជ័យកាលពីប៉ុន្មានឆ្នាំមុននេះបានរងគ្រោះទឹកជំនន់លិចលង់ជាបន្តបន្ទាប់ ៕
សំ វិច្ឆិកា