ប្រជាពលរដ្ឋភូមិទួលកីតវ៉ានឹងអាជ្ញាធរដែនដីលក់ទីតាំងសាលាបុណ្យក្នុងភូមិ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ជិត២០០គ្រួសារ បាននាំគ្នាបះបោរនិងចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា បានលក់ទីស្នាក់​ការសាលាបុណ្យនៅក្នុងភូមិទៅឲ្យឈ្មួញមិនឲ្យប្រជាជនដឹង តែពេលប្រជាពលរដ្ឋ​តាមដានដឹង បែរជានិយាយបង្វាងដានថា យកលុយទៅធ្វើមណ្ឌលសុខភាព ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿនិងគ្មានទំនុកចិត្តឡើយ។
ការបះបោររបស់ប្រជាពលរដ្ឋក្នុងភូមិទួលកីទៅនឹងអាជ្ញាធរដែនដីក្នុងការលក់ទី​ស្នាក់ការ​សាលាបុណ្យនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៦ នៅមុខស្នាក់ការ ភូមិ និង បន្តនៅសាលាខណ្ឌពោធិសែនជ័យ ដោយមានអ្នកចូលរួមជាង២០០នាក់។
ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា សាលាបុណ្យមួយនេះបានកសាងឡើងជាយូរឆ្នាំមកហើយ ដើម្បីទុកជាទីកន្លែងសក្ការៈបូជារបស់ពុទ្ធបរិស័ទក្នុងភូមិ ក៏ដូចជាពុទ្ធបរិស័ទទូទៅ និងប្រារព្ធ​ធ្វើបុណ្យផ្សេងៗ ប្រយោជន៍លើកស្ទួយវិស័យព្រះពុទ្ធសាសនា ។ លុះក្រោយមកស្រាប់តែ​អាជ្ញា​ធរលួចលក់ដី​សាលាបុណ្យនេះទៅឲ្យឈ្មួញធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿខ្លាំងណាស់ ដោយសារតែកន្លងទៅ អាជ្ញាធរខណ្ឌ​ បានលក់មណ្ឌលសុខភាពរួចមកហើយ មិនដឹង​យក​លុយ​ទៅធ្វើអ្វីខ្លះ ។
ជុំវិញបញ្ហានេះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកមិនបានដឹងរឿង នៃការតវ៉ានេះទេ គ្រាន់តែលោកថា លោកក៏ទទួលថ្មបាក់ផងដែរ ពីព្រោះរឿងខ្លះបន្សល់ពីមុនមក គឺមុនលោកកាន់តំណែងជាអភិបាលណ្ឌពោធិសែនជ័យ មកម្ល៉េះ។
ទោះយ៉ាងណាប្រជាពលរដ្ឋជិត២០០គ្រួសារនេះ បាននាំគ្នាទៅតវ៉ា នៅទីស្នាក់ការ​គណ​បក្សប្រជាជនកម្ពុជា និងភូមិ សង្កាត់ភ្លើងឆេះរទេះ ហើយ មិនទាន់មានអាជ្ញា​ធរ​ខណ្ឌចុះ​មកជួប និងជួយដោះស្រាយនោះទេ ។
​នេះមិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋតវ៉ា និងបះបោរប្រឆាំងនឹងការលួចលក់ អចលនទ្រព្យជាតិរបស់អាជ្ញាធរខណ្ឌពោធិសែនជ័យ បន្ទាប់ពីខែមុននៅវត្តអង្គតាមិញ ប្រជា ពលរដ្ឋតវ៉ា មិនឲ្យលកស្រះទឹកប្រវត្តិសាស្រ្តនៅមុខវត្តនេះដែរនោះ ៕​

image

ដោយប្រាថ្នា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print