ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១នេះ ដោយបានទទួលប្រសាសន៍ណែនាំពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមការងារសាខា បានចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមានទឹកជំនន់មកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រេីន ហេីយកម្ពស់ទឹកស្ទឹងព្រែកត្នោតក៏មានការកើនឡើង ។
នាខណៈចុះពិនិត្យនោះដែរ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់ ព្រមទាំងសូមឱ្យបងប្អូនត្រូវត្រៀមលក្ខណៈ និងមានការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកដែលអាចបង្កជាទឹកជំនន់ ទន្ទឹមនឹងនេះក៏សូមយកចិត្តទុកដាក់ពីសុខភាព បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ និងសូមប្រុងប្រយត័្នចំពោះសត្វអសេពិសនានា ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ហេីយសូមកុំធ្វេសប្រហែសចំពោះការការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ។ លោកនាយកប្រតិបត្តិសាខាបានលេីកឡេីងបន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែណែនាំក្រេីនរំលឹកជាប្រចាំដល់តាមសាខាអនុសាខាទាំងអស់ត្រូវតែចុះឲ្យជាប់ជិតដិតជាមួយប្រជាពលរដ្ឋដេីម្បីបានដឹងពីសុខទុក្ខ និងនៅពេលពួកគាត់ជួបប្រទះនូវទុក្ខលំបាក ត្រូវធ្វេីការដោះស្រាយឆ្លេីយតបជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ។
សូមរំលឹកឡេីងវិញថា៖ កាលពីឆ្នាំ២០២០ នៅចន្លោះពីខែកញ្ញា ដល់ខែតុលា រាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានផ្ទះចំនួន១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន១០.៨២៥គ្រួសារ។ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ៥.៥៨៧គ្រួសារ ខណ្ឌពោធិ៍សែនជ័យ៣.១៨១គ្រួសារ ខណ្ឌច្បារអំពៅ១.៦៧២គ្រួសារ និងខណ្ឌកំបូល៣៨៥គ្រួសារ ៕
ដោយ, សិលា