ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារសាខា​ បានចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់មកដល់

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍​ ១៥កើត ​ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១​ ខែ តុលា ឆ្នាំ ២០២១នេះ​ ដោយបានទទួលប្រសាសន៍ណែនាំពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បានដឹកនាំក្រុមការងារសាខា​ បានចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត​ ដើម្បីត្រៀមលក្ខណៈបង្ការអាចនឹងមាន​ទឹកជំនន់មកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រេីន​ ហេីយកម្ពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​ក៏មានការកើន​ឡើង​ ​។

នាខណៈចុះពិនិត្យនោះដែរ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់​ ព្រមទាំងសូមឱ្យបងប្អូនត្រូវត្រៀមលក្ខណៈ​ និងមានការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹក​ដែលអាចបង្កជាទឹកជំនន់​ ទន្ទឹមនឹងនេះក៏សូមយកចិត្តទុកដាក់ពីសុខភាព​ បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ​ និងសូមប្រុងប្រយត័្នចំពោះសត្វអសេពិសនានា​ ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក​ ហេីយសូមកុំធ្វេសប្រហែសចំពោះការការពារខ្លួនពីជំងឺកូវីដ១៩​ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ។ លោកនាយកប្រតិបត្តិសាខាបានលេីកឡេីងបន្តថា៖​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ តែងតែណែនាំក្រេីនរំលឹកជាប្រចាំដល់តាមសាខាអនុសាខាទាំងអស់ត្រូវតែចុះឲ្យជាប់ជិតដិតជាមួយប្រជាពលរដ្ឋដេីម្បីបានដឹងពីសុខទុក្ខ​ និងនៅពេលពួកគាត់ជួបប្រទះនូវទុក្ខលំបាក​ ត្រូវធ្វេីការដោះស្រាយឆ្លេីយតបជួយសង្គ្រោះឲ្យបានទាន់ពេលវេលា​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​នោះឡេីយ​ ។​

សូមរំលឹកឡេីងវិញថា៖​ កាលពីឆ្នាំ២០២០​ នៅចន្លោះពីខែកញ្ញា​ ដល់ខែតុលា រាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុងនោះមាន​ផ្ទះចំនួន១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន១០.៨២៥គ្រួសារ។​ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ៥.៥៨៧គ្រួសារ​ ខណ្ឌពោធិ៍សែនជ័យ៣.១៨១គ្រួសារ​ ខណ្ឌច្បារអំពៅ១.៦៧២គ្រួសារ​ និងខណ្ឌកំបូល៣៨៥គ្រួសារ​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print