ខេត្តស្វាយរៀង: ក្មេងប្រុសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងទឹកស្រែបង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីឪពុកម្ដាយមានការធ្វេសប្រហែសព្រោះជាប់រវល់ធ្វើការងារភ្លេចខ្លួនបណ្ដាលឱ្យកូនឈ្លក់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ស្ថិតនៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងខាងលើមានឈ្មោះឈាក ជំនិត អាយុ២ឆ្នាំ នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចជំនាញស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យបានពិនិត្យនិងសន្និដ្ឋានថា សាកសពទាំងមូលមិនឃើញ មានស្នាមដាច់រលាត់ឬពកអ្វីគួរឲ្យកត់សម្គាល់ទេ គឺស្លាប់ដោយសារមូលហេតុលង់ទឹកស្រែប្រាកដមែន។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយយឹម សុថាន