ក្រសួងសុខាភិបាលបារាំងបានស្នើដល់ពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ទន្ទឹមនឹងការចាក់វ៉ាក់សាំងផ្តាសាយធំ សម្រាប់ទប់ស្កាត់ការឆ្លងជំងឺផ្តាសាយធំ និងកូវីដ-១៩ ដើម្បីបញ្ចៀសការពេញណែនមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ការសម្រេចខាងលើក្នុងការចាក់វ៉ាក់សាំងទន្ទឹមគ្នានោះគឺដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយធំ កើនឡើងខ្ពស់ក្នុងរដូវរងា។ បារាំងក៏បានផ្តល់លិខិតអនុញ្ញាតចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ បំពេញបន្ថែម (ដូសទីបី)ដល់ពលរដ្ឋមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ និងពលរដ្ឋមានជំងឺប្រចាំកាយ ក៏ដូចជាអ្នកដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson& Johnson ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោក Olivier Veran បានអំពាវនាវដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងពីរប្រភេទគឺវ៉ាក់សាំង ផ្តាសាយនិងវ៉ាក់សំាងកូវីដ-១៩។ នៅពេលនេះដែរ លោក Olivier បញ្ជាក់ថា បារំាងមានវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយ១០លានដូស ហើយផ្តល់អាទិភាពនៅក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលងាយរងគ្រោះ។
បើទោះបីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជួយទប់ស្កាត់អ្នកជំងឺផ្តាសាយធំ និងអ្នកចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្តី ក៏ ក្រសួងសុខាភិបាលបារាំងបានព្រមានថា អាចនឹងផ្ទុះជំងឺគ្រុនផ្តាសាយធំនៅរដូវរងាខាងមុខ៕ ដោយសាធី