ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតបើកវ៉ាជែងជ្រុលទៅ
បុករុឺម៉កនោះពេញទំហឹងបណ្ដាលឲ្យអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះកើត ផុន ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមការៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូសណ្ដោងរឺម៉កដឹកខ្យងយកទៅឱ្យប្អូន រួចហើយបានត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2D-4896បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត ហើយបានបើកជែងរថយន្តមួយគ្រឿងទៀតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កពេញទំហឹងបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងរុឺម៉កស្លាប់នៅនឹងកើតហេតុ យ៉ាងអាណោចអាធ័ម។ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសធ្វើការសួរបន្ត និងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងតៃកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ