ខេត្តបន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនបរទេសចំនួន04នាក់ ពីបទពង្រត់ និងបង្ខាំងមនុស្សចំនួន08នាក់ខុសច្បាប់បញ្ចូនទៅកាន់តុលាការនៅរសៀលថ្ងៃ24 ខែតុលា ឆ្នាំ2021 ដើម្បីចាត់ការបន្តទៅតាមច្បាប់។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះស្រាវជ្រាវ និងឈានដល់ការឆ្មក់ឃាត់ខ្លួនបរទេសចំនួន04នាក់ មានជនជាតិចិន02នាក់ ជនជាតិបង់ក្លាដេស02នាក់។ ពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្រៅពីនេះបានរំដោះជនជាតិថៃ06នាក់ និងជនជាតិខ្មែរ02នាក់ នៅថ្ងៃទី23 ខែតុលា ឆ្នាំ2021 នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង04នាក់គឺ
1-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ36ឆ្នាំ ជនជាតិចិន។
02-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ35ឆ្នាំ ជនជាតិចិន។
3-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ31ឆ្នាំ ជនជាតិបង់ក្លាដេស
និង4-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ27ឆ្នាំ ជនជាតិបង់ក្លាដេស។
ពាក់ព័ន្ធករណីនេះ លោកស្រី ឌី សជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយ៉េនឌ័រ បានមានប្រសាសន៍ឲ្យដឹងថា យោងការបំភ្លឺរបស់ជនរងគ្រោះជនជាតិខ្មែរ បានឲ្យដឹងថា ពួកខ្លួនបានទៅដាក់ពាក្យសម្ភាសន៍ចូលធ្វើការកាស៊ីណូអនឡាញនៅរាជធានីភ្នំពេញ តែក្រុមជនសង្ស័យបាននាំពីភ្នំពេញមកកាស៊ីណូប៉ោយប៉ែតខាងលើ បន្ទាប់មេការជនជាតិចិន បានចាក់សោបង្ខាំង និងបានចាប់ដាក់ខ្នោះដៃ ឃុំឃាំងបង្អត់អាហារ ដោយប្រាប់ថា ពួកខ្លួនត្រូវបានគេលក់មកឲ្យខាងថៅកែកាស៊ីណូ បើចង់ចេញត្រូវបង់ប្រាក់ 01នាក់ 1,000ដុល្លារ បើគ្មានអ្នកមកលស់ទេត្រូវឃុំទុកទីនេះរយ:ពេល០៦ខែ។ចំណែកជនជាតិថៃ06នាក់ផ្សេងទៀត ក៏ត្រូវបានជនជាតិចិនខាងលើបង្ខាំងទុកផងដែរ ដោយខឹងជនជាតិថៃទាំងនោះមិនព្រមបង្កើតហ្វេសប៊ុក និងផេកក្លែងក្លាយដើម្បីបោកលុយជនជាតិថៃដូចគ្នា៕ដោយ វណ្ណា