ភ្នំពេញ, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខថា កម្ពុជានឹងផ្ដល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាងដល់ការប្រជុំធុរកិច្ច និងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ដើម្បីស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានទៅជាតំបន់មានសុខសន្ដិភាព ភាពធន់ និងការអភិវឌ្ឍ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាននៅរសៀលថ្ងៃទី២៥ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញដល់អាស៊ានក្នុងឆ្នាំ២០២២ ត្រូវទាញយកជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP) ដែលនឹងគ្រោងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ។
សម្ដេចតេជោ ក៏បានបន្ថែមថាការងារអាទិភាព និងផែនការការងាររបស់អាស៊ានឆ្នាំ២០២២គឺត្រូវផ្ដោតបន្ថែមទៀតទៅលើ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការអភិវឌ្ឍន៍ជំនាញឌីជីថល ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ និងការអនុវត្តគំនិតផ្ដួចផ្ដើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្ដារឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
គេហទំព័រ focus-economics បានវាយតម្លៃថាសេដ្ឋកិច្ចតំបន់អាស៊ានក្នុងឆ្នាំ២០២២មានភាពភ្លឺស្វាងជាងឆ្នាំ២០២១ដែលបានធ្លាក់ចុះបន្តបន្ទាប់របស់ខ្លួនជាលើកទីដប់ក្នុងខែនេះ។
Focus-economics បានឱ្យជាយោបល់ថានៅឆ្នាំ២០២២ ប្រទេសទាំងអស់នៅក្នុងតំបន់គួរតែផ្ដោតលើការពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យសម្រេច។
កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ៕
ដោយ, សុខ ខេមរា