ភ្នំពេញ, អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្រ្តា នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ សត្វក្រៀលត្រូវបានដូនតាខ្មែរបានធ្វើរូបចម្លាក់ឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបាយ័នដែលបង្ហាញថាសត្វក្រៀលនេះមាន វត្តមានជាយូរលង់មកហើយក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា, យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយ
សារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕
ដោយ, សុខ ខេមរា