ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានធ្វើកិច្ចប្រជុំ បូកសរុបការងារគណបក្សប្រចាំខែតុលា និងទិសដៅភារកិច្ចការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ស៊ាក ឡេង ប្រធានគណបក្សខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្សបប្រជាជន និង ជាអនុប្រធានគណបក្សខេត្តត្បូងឃ្មុំ និងលោក ពាង ណារិទ្ធ អនុប្រធាន និង ជាប្រធានគណប្រចាំការគណបក្សខេត្ត ដោយមានការចូលរួម ពីសំណាក់ លោក-លោកស្រី ជាសមាសភាពសមាជិកគណបក្សខេត្ត ផងដែរ ។
លោក ពាង ណារិទ្ធ បានអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សរយៈពេល ០៩ ខែ និងទិសដៅភារកិច្ចការងារប្រចាំត្រីមាសទី ៤ ឆ្នាំ២០២១។
ថ្លែងនាឱកាសនោះ លោក ស៊ាក ឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុបត្រួតពិនិត្យ ពិភាក្សា វាយតម្លៃលើការស្នើសុំតែងតាំង តម្លើងឋានៈមន្ត្រីគណបក្ស និងសេចក្តីព្រាងពាក់ព័ន្ធនឹងរបាយការណ៍ ដែលគណបក្សខេត្តខិតខំអនុវត្តសម្រេចបាន ក៏ដូចជាបន្តលើកឡើង នូវទិសដៅក្នុងការអនុវត្តបន្ត ធ្វើយ៉ាងណាអោយលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត។
លោកបន្តថា កិច្ចប្រជុំប្រចាំខែនេះតែងតែត្រូវរៀបចំឡើងជារៀងរាល់ដំណាច់ខែនីមួយៗ ជាទៀងទាត់ ដោយការរៀបចំកិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា បូកសរុបការងារ ប្រចាំខែ ដែលគ្រប់អង្គភាព នីមួយៗ បានអនុវត្តក្នុង ឆ្នាំ២០២១ នេះ ទាំងលើការងារប្រចាំថ្ងៃ ការងារកែទម្រង់ និងការងារក្រៅ ដើម្បីធ្វើកំណែរទម្រង់ ស្ដាប់បញ្ហាប្រឈម និងសំណូមពរនានា របស់គ្រប់អង្គភាព និង កំណត់ដាក់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២១ នេះ។
លោកស៊ាក ឡេង បានមានប្រសាសន៏ផ្ដាំផ្ញើ ដល់ សមាជិក-សមាជិកា ទាំងអស់ បន្តជម្រុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងអនុវត្តការងារភារកិច្ចរបស់ខ្លួន អោយបានល្អប្រសើរ ដោយបន្តអប់រំ ផ្សព្វផ្សាយ ឯកសារជំនួយស្មារតី នៅចំណុចសំខាន់ៗ ដែលជាគោលនយោបាយរបស់គណបក្ស ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។ ជាមួយនោះសូមមានប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនអំពីការឆ្លងរីករាលដាលកូវីដ-១៩ ៕ ដោយ ស៊ុនហេង