ខេត្តកណ្ដាល៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកណ្ដាលលោក លឹម សុគន្ថា បានសម្រេចបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការដោះលែងអ្នកបើកទូកដរនិងជាអ្នកដាក់កំណល់រថយន្ដឲ្យមានសេរីភាពវិញនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ។
សូមបញ្ជាក់ថា អ្នកបើកបរទូកដរនិងជាអ្នកដាក់កំណល់ឈ្មោះ ស៊ិន រតនា ហៅខុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៥នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរជុំវិញករណីរថយន្ដធ្លាក់ដរចូលទៅក្នុងទឹកទន្លេបាសាក់ បណ្ដាលឲ្យមានមនុស្សក្មេងចាស់ប្រុសស្រីចំនួន៧នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។
គួររំឮកថា កាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចកំពង់ចម្លងស្វាយប្រទាល-ព្រែកអុងប៉ាង ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង មានករណីរថយន្ដឡិចស៊ីសRX300 ពាក់ស្លាកលេខភ្នំពេញ 2F-9169 បើកបរដោយបុរសម្នាក់មានជាតិអាកុលនៅក្នុងខ្លួនជាន់ហ្គារច្រឡំថាជាន់ហ្វ្រាំង បណ្ដាលឲ្យរថយន្ដស្ទុះទៅមុខទាំងកម្រោលបុកកំណល់ពេញមួយទំហឹងប៉ើងធ្លាក់ចូលទៅក្នុងទឹក ធ្វើឲ្យអ្នករួមដំណើរក្នុងរថយន្ដ៧នាក់ឈ្លក់ទឹកស្លាប់យ៉ាងអណោចអធ័ម ។ ដោយឡែកអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀតបានលូតចេញតាមកញ្ចក់ទ្វាររថយន្ដហែលឡើងគោករួមផុតពីការស្លាប់ ។
ក្រោយពីមានហេតុការណ៏កើតឡើង អ្នកបើកបររថយន្ដបង្កឈ្មោះ សាក់ សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាជាងឡាន មានស្រុកកំណើតនៅភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្យព្រះ ខេត្ដបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារអ្នកបើកបរទូកដរ បាននាំគ្នាសាទរទៅនឹងចំណាត់ការរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកណ្ដាល ដែលបានធ្វើការដោះលែងអ្នកបើកទូកដរឲ្យមានសេរីភាពវិញ បន្ទាប់ពីធ្វើការឃាត់ខ្លួនមួយរយៈពេលខ្លីដើម្បីធ្វើការសាកសួរជុំវិញករណីខាងលើនេះ ។ ប្រជាពលរដ្ឋនិយាយថា ករណីគ្រោះថ្នាក់ខាងលើនេះគឺបង្កឡើងដោយអ្នកបើករថយន្ដមិនមានពាក់ព័ន្ធទៅនិងអ្នកបើកបរទូកដរនោះទេ ព្រោះអ្នកបើកបរទូកដរបានដាក់កំណល់កល់កង់រថយន្ដត្រឹមត្រូវ ពោលគឺអ្នកបើកបររថយន្ដបានជាន់ហ្គារធ្វើឲ្យរថយន្ដស្ទុះទាំងកម្រោលបុកកំណល់ប៉ើងខ្ទាតធ្លាក់ទាំងរថយន្ដចូលទៅក្នុងទឹក ។
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ អ្នកបើកបររថយន្ដបង្កត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងផ្ដុំសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អ្នកបើកបរទូកដរ ដែលត្រូវដោះលែង
អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់
ដោយ៖ ស្អាងជ័យ