បើទោះបីប្រទេស Azerbaijan ប្រកាសឈប់បាញ់ជាឯកតោភាគី ការប៉ះទង្គិចគ្នាដោយអាវុធនៅតែបន្តកើតឡើងជាមួយកម្លាំងទាហាន អាមឺនៀរ ស្ថិតនៅតំបន់ Nagorny Karabakh កាលពីថ្ងៃទី៤ ខែមេសា ។
សារព័ត៌មានAP បានផ្សាយថា ប្រទេសអាហ្សឺបេហ្សាន បានចោទប្រកាន់កម្លាំងទាហានអាមឺនៀ ប្រើប្រាស់កាំភ្លើងត្បាល និងកាំភ្លើងបាញ់គ្រាប់បែកវាយប្រហារសម្លាប់ទាហាន អាហ្សឺបេហ្សាន៣នាក់ ។
អ្នកនាំពាក្យ ក្រសួងការពារជាតិអាហ្សឺបេហ្សាន លោក Vagif Dargahly បញ្ជាក់ថា «ក្នុងការណីប្រទេសអាមឺនៀ ត្រៀមបន្តសកម្មភាពឌឺដង យើង នឹងបើកការវាយប្រហារជាទ្រងទ្រយធំនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់ កាំភ្លើងធំក្នុងការវាយប្រហារ» ។
ចំណែកកម្លាំងទាហានអាមឺនៀរ វិញបានចោទប្រកាន់ទៅលើកម្លាំងទាហានអាហ្ស៊ឺបេហ្សាន ប្រើប្រាស់កាំភ្លើងធំ១៥២មីល្លី ម៉ែត្រ និងរថក្រោះក្នុងការវាយប្រហារ ។ ក្រៅពីនេះអាមឺនៀរក៏បានប្រកាសថា បានវាយប្រហារគ្រប់គ្រងតំបន់ជាច្រើននៅតាមព្រំដែន ។
កាលពីថ្ងៃទី៤ ខែមេសា រដ្ឋាភិបាលប្រទេសអាហ្សឺបេហ្សាន បានប្រកាសថា នឹងពិភាក្សាទៅលើបទឈប់បាញ់នៅព្រំដែនប្រទេសទាំងពីរ លុះត្រាណាតែប្រទេសអាហ្សឺបេហ្សានសងតំបន់ដែលប្រទេសនេះបានគ្រប់គ្រង ។ តំបន់Nagorny Karabakh មានពលរដ្ឋដល់ទៅ៨០ភាគរយជាជនជាតិអាមឺនៀ បានប្រកាសផ្តាច់ខ្លួនចេញពីប្រទេសអាហ្សឺបេហ្សានតាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គល់ ៕ ម៉ែវ សាធី