​ព្រះរាជអាជ្ញា​សម្រេច​ដោះ​លែង​អ្នក​បើកទូក​ដរ​ រីឯ​អ្នកបើកបរ​រថយន្ត​ប្រឈម​ចំណាត់ការ​ផ្លូវច្បាប់​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកណ្ដាល​លោក​ លឹ​ម​ សុ​គ​ន្ថា​ បាន​សម្រេច​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ដោះ​លែង​អ្នក​បើកទូក​ដរ​និង​ជា​អ្នក​ដាក់​កំណល់​រថយន្ដ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សូម​បញ្ជាក់​ថា​ អ្នកបើកបរ​ទូកដរ​និង​ជា​អ្នក​ដាក់​កំណល់​ឈ្មោះ​ ស៊ិ​ន​ រតនា​ ហៅ​ខុ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​ ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ករណី​រថយន្ដ​ធ្លាក់​ដរ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេបាសាក់​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៧​នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​

​គួរ​រំ​ឮ​កថា​ កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​ ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​កំពង់ចម្លង​ស្វាយ​ប្រទាល​-​ព្រែក​អុងប៉ាង​ ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ មាន​ករណី​រថយន្ដ​ឡិច​ស៊ី​ស​RX300​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-9169​ បើកបរ​ដោយ​បុរស​ម្នាក់​មាន​ជាតិ​អាកុល​នៅ​ក្នុង​ខ្លួន​ជាន់​ហ្គា​រ​ច្រឡំ​ថា​ជាន់​ហ្វ្រាំង​ បណ្ដាល​ឲ្យ​រថយន្ដ​ស្ទុះ​ទៅ​មុខ​ទាំង​កម្រោល​បុក​កំណល់​ពេញ​មួយ​ទំហឹង​ប៉ើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ ធ្វើ​ឲ្យ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ដ​៧​នាក់​ឈ្លក់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​ ដោយឡែក​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​លូត​ចេញ​តាម​កញ្ចក់​ទ្វារ​រថយន្ដ​ហែល​ឡើងគោក​រួម​ផុត​ពី​ការ​ស្លាប់​ ។​

​ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​កើតឡើង​ អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ​ សាក់​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជា​ជាង​ឡាន​ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល​ ឃុំ​ប្រាសាទ​ ស្រុក​ព្រះ​នេ​ត្យ​ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​អ្នកបើកបរ​ទូកដរ​ បាន​នាំ​គ្នា​សាទរ​ទៅ​នឹង​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកណ្ដាល​ ដែល​បាន​ធ្វើការ​ដោះ​លែង​អ្នក​បើកទូក​ដរ​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី​ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ករណី​ខាងលើ​នេះ​ ។​ ប្រជាពលរដ្ឋ​និយាយ​ថា​ ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​គឺ​បង្ក​ឡើង​ដោយ​អ្នក​បើករថយន្ដ​មិន​មាន​ពាក់ព័ន្ធ​ទៅ​និង​អ្នកបើកបរ​ទូកដរ​នោះ​ទេ​ ព្រោះ​អ្នកបើកបរ​ទូកដរ​បាន​ដាក់​កំណល់​កល់​កង់​រថយន្ដ​ត្រឹមត្រូវ​ ពោល​គឺ​អ្នកបើកបរ​រថយន្ដ​បាន​ជាន់​ហ្គា​រ​ធ្វើ​ឲ្យ​រថយន្ដ​ស្ទុះ​ទាំង​កម្រោល​បុក​កំណល់​ប៉ើង​ខ្ទាត​ធ្លាក់​ទាំង​រថយន្ដ​ចូល​ទៅ​ក្នុង​ទឹក​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​ អ្នកបើកបរ​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ផ្ដុំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដកណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

sweអ្នកបើកបរទូកដរ ដែលត្រូវដោះលែង

swe (1)អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print