លោក ឃួង ស្រេង បន្ដដឹកនាំកម្លាំងចុះបិទទំនប់ដែលបាក់នៅសណ្ដស្ទឹងព្រែកត្នោតថ្ងៃទី២៧ ខែតុលា និងត្រៀមជន្លៀសពលរដ្ឋពីទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមមន្ត្រីជំនាញ​ អាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ចុះត្រួតពិនិត្យស្ថានភាពដែលម្លាំងទឹកបុកបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង​ដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត​ ។
តាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា​ ទ្វារទប់ទឹកមួយកន្លែង​នេះ​ មានទីតាំងស្ថិតនៅចន្លោះរវាងភូមិសាលា​ និងភូមិ​កន្ទុយទឹក សង្កាត់ទៀន​ ខណ្ឌដង្កោ​ ​រាជធានីភ្នំពេញ​ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ១២​ :៣០នាទីរំលងអធ្រាត្រថ្ងៃទី២៦​ ឈានដល់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២១​ ។ ការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំណុច​ភូមិ​កន្ទុយទឹក សង្កាត់ទៀន​ ខណ្ឌដង្កោ​ ​រាជធានីភ្នំពេញ​ដែលបានហូរមកពីផ្នែកខាងលេីសង្កាត់ទៀន​ អាចនឹងរងផលប៉ះពាល់​ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា​ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅឋាន​ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
តាមរយៈការបាក់ទ្វារទឹកនេះ​ លោក ឃួង​ ស្រេង​ បានដឹកនាំ​កម្លាំងធ្វើការជួសជុលចាប់តាំងពីពេលកេីត
ហេតុនៃបាក់ទ្វារទឹកនេះភ្លាម​តែម្តង និងបានបញ្ជាឱ្យកងកម្លាំងធ្វេីការជម្លៀសប្រជាជនទៅកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់​ ហើយក៏មិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការណ៍បាក់ទ្វារទឹកនេះ
ដែរ។
លោក​ ឃួង​ ស្រេង​ បានធ្វេីការណែនាំឱ្យកងកម្លាំង​ និងមន្ត្រីជំនាញ​សហការគ្នា​ យកបាវខ្សាច់​ដាក់ទប់បិទមុខទឹក​ដេីម្បីកុំឱ្យហូរទៅផ្នែកខាងក្រោមនៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ​ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print