ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះត្រួតពិនិត្យស្ថានភាពដែលម្លាំងទឹកបុកបាក់ដាច់ទ្វារទប់ទឹកមួយកន្លែងដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត ។
តាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងនេះ មានទីតាំងស្ថិតនៅចន្លោះរវាងភូមិសាលា និងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ១២ :៣០នាទីរំលងអធ្រាត្រថ្ងៃទី២៦ ឈានដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។ ការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំណុចភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានហូរមកពីផ្នែកខាងលេីសង្កាត់ទៀន អាចនឹងរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
តាមរយៈការបាក់ទ្វារទឹកនេះ លោក ឃួង ស្រេង បានដឹកនាំកម្លាំងធ្វើការជួសជុលចាប់តាំងពីពេលកេីត
ហេតុនៃបាក់ទ្វារទឹកនេះភ្លាមតែម្តង និងបានបញ្ជាឱ្យកងកម្លាំងធ្វេីការជម្លៀសប្រជាជនទៅកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយក៏មិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការណ៍បាក់ទ្វារទឹកនេះ
ដែរ។
លោក ឃួង ស្រេង បានធ្វេីការណែនាំឱ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នា យកបាវខ្សាច់ដាក់ទប់បិទមុខទឹកដេីម្បីកុំឱ្យហូរទៅផ្នែកខាងក្រោមនៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ៕
ដោយ៖ សំរិត