ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ ជនជាតិវៀតណាមចំនួន១៣នាក់ (ស្រី២នាក់) នៅក្នុងបន្ទប់កាស៊ីណូ«ម៉ុកបាយ» ស្ថិតនៅក្រុងបាវិត ដែលសង្ស័យជនរងគ្រោះចូលលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់ប្រាក់ហើយបានខ្ចីប្រាក់គេ យកទៅលេងល្បែងបន្ត រហូតចាញ់អស់ពីខ្លួនគ្មានប្រាក់សងគេ ទើបមានការចាប់បង្ខាំងជំរិតទារប្រាក់ ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់ជនរងគ្រោះបានប្ដឹងមកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តនិងដោយ មានការដឹកនាំសម្របសម្រួលដោយលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយដោយមានការសហការណ៍ជាមួយក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅដល់បន្ទប់លេខ៥៥៣៥ បានរំដោះជនរងគ្រោះ ដែលត្រូវបានគេបង្ខាំងទុកចំនួន១៣នាក់ ស្រី០២នាក់។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចមកនៅ វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថបានសហការ ជាមួយស្នងការនគរបាលខេត្តស្វាយរៀង បានប្រគល់ជនរងគ្រោះចំនួន១១នាក់ (ស្រី២នាក់) ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ម៉ុកបាយ នៅចំណុចបង្គាលព្រំដែនលេខ១៧១ដើម្បីទទួលយកទៅប្រទេសវៀតណាមវិញ។
ដោយឡែក ជនជាតិវៀតណាមចំនួន០២នាក់ ភេទប្រុស ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់បានធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកត្រឡប់ទៅលំនៅឋាននៅរាជធានីភ្នំពេញវិវិញផងដែរ ។
សូមបញ្ជាក់ថា ជនរងគ្រោះខាងលើ បានទូរស័ព្ទទៅក្រុមគ្រួសារឲ្យយកប្រាក់មកសងក្រុមឧក្រិដ្ឋជនទាំងនោះ ទើបក្រុមគ្រួសារប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ជួយរំដោះជនរងគ្រោះតែម្តង ៕
ដោយ៖ យឹម សុថាន