​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀងរំដោះបានជនជាតិ​វៀតណាម​ចំនួន​១៣​នាក់​ (ស្រី​២​នាក់) ក្នុងករណីបង្ខាំង​មនុស្សជំរិតទារ​ប្រាក់​ 

ចែករំលែក៖

ខេត្តស្វាយរៀង ​៖ យ៉ាងហោចណាស់ ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់​ (ស្រី​២​នាក់) ​នៅ​ក្នុង​បន្ទប់​កាស៊ី​ណូ​«ម៉ុ​កបាយ» ស្ថិតនៅក្រុង​បា​វិត​ ដែលសង្ស័យ​ជន​រង​គ្រោះ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ ចាញ់​អស់ប្រាក់​ហើយ​បាន​ខ្ចីប្រាក់​គេ យក​ទៅ​លេងល្បែង​បន្ត​ រហូត​ចាញ់​អស់ពី​ខ្លួន​គ្មាន​ប្រាក់​សង​គេ​ ទើប​មានការ​ចាប់​បង្ខាំង​ជំរិតទារ​ប្រាក់​ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​ប្ដឹង​មក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពីលោក​ឧត្តមសេនីយ៍ត្រី​សែ វុ​ទ្ធី មេបញ្ជាការ កង​រាជអាវុធហត្ថ​ខេត្តស្វាយរៀង​ កាលពីថ្ងៃ​ទី​២៥ តុលា ​ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​បញ្ជា​ឱ្យ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជ​​អាវុធ​ហត្ថ​ខេត្ត​និង​ដោយ មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ទៅ​ដល់​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ហើយដោយ​មានការ​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ក៏​បាន​ចុះ​ទៅ​ដល់​បន្ទប់​លេខ​៥៥៣៥ បាន​រំដោះ​ជន​រង​គ្រោះ ​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​ចំនួន​១៣​នាក់ ស្រី​០២​នាក់​។​

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​មក​នៅ វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ តុលា​ ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​បាន​សហ​ការ ជាមួយ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ​បាន​ប្រគល់​ជន​រង​គ្រោះ​ចំនួន​១១​នាក់ (​ស្រី២​នាក់) ទៅ​ឱ្យ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​តៃ​និ​ញ នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ម៉ុ​កបាយ នៅ​ចំណុច​បង្គា​ល​ព្រំដែន​លេខ​១៧១​ដើម្បី​ទទួលយក​ទៅ​ប្រទេស​វៀតណាម​វិញ​។

ដោយឡែក​ ជនជាតិ​វៀតណាម​ចំនួន​០២​នាក់ ភេទ​ប្រុស ជា​ជនបរទេស​អន្តោប្រវេសន៍​មាន​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ស្របច្បាប់​បាន​ធ្វើការ​អប់រំ និង​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យកត្រឡប់​ទៅ​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ​វិវិញផងដែរ ។​
សូមបញ្ជាក់ថា ​ជន​រង​គ្រោះខាងលើ​ បាន​ទូរ​ស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ឲ្យ​យក​ប្រាក់​មក​សង​ក្រុម​ឧក្រិដ្ឋជនទាំងនោះ ​ទើប​ក្រុម​គ្រួសារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ជួយ​រំដោះ​ជន​រង​គ្រោះ​តែ​ម្តង ​៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print