ឈានដល់នាយខុទ្ទកាល័យលោក កឹម សុខា ចោទលោក សម រង្ស៊ី កំពុងប្រើល្បិចទុរយសលួចចាក់ដៃគូពីក្រោយខ្នង ពិតជាពិសពុលមែន!

ចែករំលែក៖

ភ្នំពេញ៖ នាយខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានចោទគណបក្សភ្លើងទៀនថាមានលោកសម រង្ស៊ី នៅពីក្រោយនិងកំពុងដើរចេញពីសម្ពន្ធភាពនយោបាយក្នុងអតីតគណបក្សសង្គ្រោះជាតិដោយចាត់ទុកថាជា «ល្បិចកលទុរយសរបស់ដៃគូលួចចាក់ពីក្រោយ ខ្នង» ។

ការលើកឡើងរបស់លោក មុត ចន្ថា នៅពេលនេះគឺបន្ទាប់ពីគណបក្សភ្លើងទៀនដែលធ្លាប់ជាអតីតគណបក្សសមរង្សុីដែលដឹកនាំដោយលោក សម រង្ស៊ី បង្កើតតាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ បានប្រកាសធ្វើសមាជបក្សនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ «ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស រៀបចំជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំគណបក្សអាណត្តិថ្មី និងកំណត់យុទ្ធសាស្ត្រ នយោបាយគណបក្ស»។

លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា គណបក្សភ្លើងទៀនដែលជាអតីតគណបក្សសមរង្ស៊ី និងទាំងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាទាំងរចនាសម្ព័ន្ធនិងទាំងកម្លាំងស្នូលនៅកម្រិតជាតិនិងមូលដ្ឋានដើម្បីបង្កើតទៅជា «គណបក្ស សង្គ្រោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ សូម្បីតែអតីត សមាជិកព្រឹទ្ធសភាក៏បានក្លាយជាសមាជិកគាំទ្រស្ថិតក្នុងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅតាមបណ្តា រាជធានី-ខេត្តទាំង២៥ផងដែរ។
លោកបន្ថែមថា ដើម្បីបង្ហាញនូវភក្ដីភាពចំពោះសម្ពន្ធមិត្តខ្លួនគណបក្សសិទ្ធិមនុស្សដែលជាគណបក្សបង្កើតឡើងដោយលោក កឹម សុខា សុខចិត្តរំលាយខ្លួននៅខែមករា ឆ្នាំ២០១៨ តែមិនត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតនោះទេ។

លោកបានសរសេរបន្ថែមថា៖ «យើងបានកត់សម្គាល់ឃើញថា គោលជំហររបស់គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស គឺខុសគ្នាទាំងស្រុង ដោយ គណបក្សសិទ្ធិមនុស្សបានបង្ហាញជំហរផ្លូវការ ស្នើសុំរំលាយគណបក្សនេះនិងលុបចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សភ្លើងទៀនបានព្យាយាមធ្វើឱ្យគណបក្សនេះដំណើរការឡើងវិញ តាមរយៈការប៉ុនប៉ងរៀបចំសមាជវិសាមញ្ញម្តងជាពីរដងរួចមកហើយ គឺលើកទីមួយគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និង លើកទីពីរគ្រោងធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ» ។

លោក មុត ចន្ថា លើកឡើងថា បើទោះពេលនេះលោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សភ្លើងទៀនក្តី តែវាពិបាកជឿណាស់ថាបក្សនេះគ្មានលោក សម រង្ស៊ី នៅពីក្រោយ។ លោកបញ្ជាក់ថាប្រសិនបើគណបក្សភ្លើងទៀនសម្រេចចូលរួមការបោះឆ្នោតខាងមុខ គឺប្រាកដណាស់ លោក សម រង្សី នៅពីក្រោយ និងមានលោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ដែលបុគ្គលទាំងពីរនាក់នេះគ្រប់គ្រងកម្លាំងនិងរចនាសម្ព័ន្ធនៃអតីត គណបក្សសមរង្សុីនៅក្នុងគណបក្សសង្គ្រោះជាតិ។
លោកចាត់ទុកថា៖ «គណបក្សភ្លើងទៀនបានសម្រេចដើរចេញពីសម្ពន្ធភាពនយោបាយក្នុងអតីតគណបក្សសង្គ្រោះ ជាតិ ដែលលោក សម រង្ស៊ី ទន្ទេញជាប់មាត់ថាសម្ពន្ធភាពគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) និង គណបក្សសិទ្ធិមនុស្សនៅតែរឹងមាំ ហើយគាត់ថែមទាំងបង្កើតដោយអត្តនោម័តនូវពាក្យស្លោកៈ “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ”។ នេះជាកលល្បិចរបស់ទុរយស ដៃគូលួចចាក់ពីក្រោយខ្នង!»

សូមបញ្ជាក់ថា អនុប្រធានគណបក្សភ្លើងទៀនលោក ចេប គឹមអ៊ាង បានប្រាប់ EAC News ដែលចេញជាភាសាអង់គ្លេសល្បីទៅកាន់ពិភពលោកថា, ការធ្វើសមាជរបស់គណបក្ស ភ្លើងទៀននៅចុងខែវិច្ឆិកាខាងមុខគឺធ្វើតាមលក្ខន្តិកៈរបស់គណបក្សដែលតម្រូវឱ្យធ្វើសមាជរៀងរាល់៣ឆ្នាំម្ដងតែ ប៉ុណ្ណោះ។ លោកបានច្រានចោលការចោទប្រកាន់របស់ លោក មុត ចន្ថា ខណៈលោកបញ្ជាក់ថាគណបក្ស ភ្លើងទៀនពុំមានជាប់ពាក់ព័ន្ធនឹងសម្ពន្ធភាពនៃអតីតគណបក្សសង្គ្រោះជាតិ ហើយគណបក្សភ្លើងទៀននៅពេលនេះក៏គ្មានជាប់ពាក់ព័ន្ធអ្វីនោះទេជាមួយលោក សម រង្ស៊ី និងបក្សពួករបស់គាត់ដែរ។

លោកថា៖ «អ្នកថាចេះតែថាទៅ តែរឿងពិតវាមិនមែនអញ្ចឹង!» ។

ចំពោះការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២ខាងមុខ លោក ចេប គឹមអ៊ាង នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយរង់ចាំការធ្វើសមាជគណបក្សនៅចុងខែវិច្ឆិកាសិន។
អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត មាស នី យល់ថា ជារឿងធម្មតានៃអ្នកនយោបាយដែលតែងតែចោទប្រកាន់គ្នាបែបនេះ តែលោកយល់ថាការធ្វើសមាជរបស់គណបក្សភ្លើងទៀនគឺជាសិទ្ធិនយោបាយរបស់គណបក្សនេះមិន គួរណាមានការវាយប្រហារនោះទេ។
លោកថា៖ «មែនទែនទៅរឿងបើកគណបក្សអីមួយផ្សេងៗ ខ្ញុំនៅតែប្រកាន់តាំងពីដើមមកថាវាជាសិទ្ធិរបស់បក្ស នីមួយៗ ប៉ុន្តែប្រហែលគេអ្នកនយោបាយដែលជ្រុលនិយមទៅខាងណាមួយគេមើលឃើញខុសពីខ្ញុំ។ បើថាចម្លែកវាមិនចម្លែកទេសម្រាប់ខ្ញុំ។ រាល់ថ្ងៃនេះ គេទើសគ្នាតែពីរឿងអ្នកនៅធ្វើអីមិនកើតស្រែកឱ្យអ្នកទៅ ហើយអ្នកទៅបន្ទោសអ្នកនៅហ្នឹងថានៅធ្វើអីទៀត? »

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយ កឹម សុខា បានច្របាច់បញ្ចូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើស សមាជិកសភាឆ្នាំ២០១៣។ ទោះជាយ៉ាងណាក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ពន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជា
គណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) និងគណបក្សសិទ្ធិមនុស្ស មិនទាន់មានជំហរយ៉ាងណានៅឡើយទេ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print