ទីភ្នាក់ងារស្វុីសសម្រាប់ការអភិវឌ្ឍ (SDC) តាមរយៈអង្គការ UNIDO គាំទ្រហិរញ្ញប្បទានចំនួនប្រមាណ១លានដុល្លារ សម្រាប់វិស័យកសិ-អាហារ និងវិស័យទេសចរណ៍

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ទីភ្នាក់ងារស្វុីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈអង្គការ UNIDO គាំទ្រហិរញ្ញប្បទានចំនួនប្រមាណ១លានដុល្លា សម្រាប់វិស័យកសិ-អាហារ និងវិស័យទេសចរណ៍។

ប្រភពដដែលបន្តថា​ អង្គការ UNIDO កាលពីថ្ងៃទី២៦ ខែតុលាម្សិលមិញនេះ​ បានរៀបចំសិក្ខាសាលាស្តីពីគម្រោងគាំទ្រ “ការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារ និង វិស័យទេសចរណ៍” ក្រោមអធិបតីភាពលោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ នៃក្រសួងទេសចរណ៍ និងមានការចូលរួមពីតំណាងមកពីមន្ទីរពាក់ព័ន្ធ សហគ្រាសធុនតូច -មធ្យម សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ចំនួន៣៨រូប។

សូមជម្រាបថា​ គម្រោងគាំទ្រ “ការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារ និង វិស័យទេសចរណ៍ ជាហិរញ្ញប្បទានរបស់ទីភ្នាក់ងារស្វុីសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការ UNIDO ដោយមានគោលបំណងដូចតទៅ៖ ១-គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងការងារកម្ពុជាតាមរយៈការស្តារសហគ្រាសនៃវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ក្នុងបរិការណ៍កូវីដ-១៩, ២-បង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

តាមរយៈយោបល់ និងសំណូមពររបស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ អង្គពិធីបានពិនិត្យលទ្ធភាពជំរុញពង្រីកវិសាលភាពការងារគម្រោងដោយបន្ថែមសកម្មភាពសំខាន់ៗរួមមាន៖
១-ជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SoPs) ដែលក្រសួងទេសចរណ៍បានដាក់ចុះសម្រាប់មូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន និងសហគមន៍ទេសចរណ៍ ដើម្បីជំរុញទទួលស្គាល់ឡាបែល និងត្រៀមសម្រាប់ការបើកទេសចរណ៍ឡើងវិញ។
២-ជំរុញការបណ្តុះបណ្តាល ហូកា សម្រាប់ស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ដល់បុគ្គលិកដែលបានឈប់សម្រាក និងបាត់បង់ការងារបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ និងរៀបចំបន្ទប់ សម្រាប់មូលដ្ឋានអាជីវកម្មនៅក្នុងក្រុងបាត់ដំបង និងតាមសហគមន៍ទេសចរណ៍សំខាន់ៗ។
៣-គាំទ្របច្ចេកទេស សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដល់សហគមន៍ទេសចរណ៍។
៤-ពង្រីកទីផ្សារ ការទំនាក់ទំនង និងការផ្សព្វផ្សាយលក់ផលិតផលដែលបានមកពីការកែច្នៃរបស់សហគមន៍ទេសចរណ៍។
៥-ការជំរុញរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងពេលនេះនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print