មន្រ្តីជាន់ខ្ពស់​ក្រសួងសាធារណការ៖​ “ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នៅរសៀល​ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថៃ្ងទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា​នៅទីស្តីការក្រសួង លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួម ចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជា ផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី លោកស្រី​រដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីគោលបំណងនៃការ ពិភាក្សាលើប្រធានបទក្នុងកម្មវិធី រួមគ្នាធ្វើយ៉ាងណាដើម្បីអនុវត្តឱ្យបាននូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺថ្ងៃនេះថ្ងៃស្អែកកុំឱ្យ មានគ្រោះថ្នាក់ចរាចរណ៍ដើម្បីការពារ ថែរក្សាអាយុជីវិត កាយសម្បទា និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ តាមរយៈការចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

លោកស្រី​រដ្ឋលេខាធិការ បានលើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍គឺជាគ្រោះមហន្តរាយមួយដែល ជះឥទ្ធិពល យ៉ាងខ្លាំងដល់សុខមាលភាពជាសាធារណៈដោយសារតែការបាត់បង់អាយុជីវិត កាយ សម្បទា និងទ្រព្យ សម្បត្តិប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវពីព្រោះថាមនុស្សគ្រប់រូប ចាំបាច់ត្រូវធ្វើចរាចរណ៍ដើម្បីជីវភាពរស់នៅមិនអាចចៀសវាងបាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី​រដ្ឋលេខាធិការ បានអំពាវនាវសូមឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវ ទាំងអស់ធ្វើការស្វែងយល់កត្តាបង្កគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យសម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកូនក្មួយទាំងឡាយ ដែលបានចូលរួមបញ្ចេញមតិយោបល់ និងតិទៀនក្នុងន័យស្ថាបនានៅក្នុងកម្មវិធីនេះ។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះដែរ មានការចោទសួរនូវសំណួរ និងលើកឡើងសំណូមពរទៅកាន់វាគ្មិន កិត្តិយសផងដែរដែលក្នុងនោះរួមមាន៖ ១. តើក្រសួងអាចមានវិធានការអ្វីខ្លះនៅពេលខាងមុខសម្រាប់ការអ្នកបើកបរមិនយល់ពីច្បាប់? ២. បើផ្លូវអនុញ្ញាតឱ្យបើកត្រឹម៤០គ.ម/ម៉ោង ឬ៦០គ.ម/ម៉ោង បើប្រើល្បឿនលើសការកំណត់ដើម្បីវ៉ាជែង តើខុសច្បាប់ឬទេ? ៣. តើយានយន្តកសិកម្ម(គោយន្តកន្ត្រៃ ត្រាក់ទ័រ)មាន សិទ្ធិបើកបរលើផ្លូវដូចយានយន្តទូទៅដែរទេ? ៤. បើម្តងដាក់និងម្តងដកសញ្ញាល្បឿន១០០ម៉ែត តើថ្មើរ ណា ទើបធ្វើដំណើរដល់គោលដៅ បើបើកលើសល្បឿន ត្រូវប៉ូលីសផាក? ៥. ហេតុអ្វីបានជានៅក្នុងកម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ក្រសួងឆ្លើយថា៖ ផ្លូវថ្នល់ខ្លះមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលត្រូវជួសជុល? ៦. សំណូមពរសុំឱ្យក្រសួងពិនិត្យលើការដូរភ្លើងស្តុបចរាចរណ៍ដែលបង្ហាញចំនួននាទីជាសញ្ញាប្រាប់អ្នកដំណើរឱ្យត្រៀមខ្លួនក្នុងការឈប់ ៧. តើផ្លូវពីភ្នំពេញទៅតាមខេត្តនានាមានផ្លាកសញ្ញាកំណត់ល្បឿនដែរឬទេ? ៨. តើក្រសួងមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវជាតិនៅទីប្រជុំជននីមួយៗ? ៩. តើការរកទទួលទានលើផ្លូវ និងដីចំណីផ្លូវខុសច្បាប់ ចរាចរណ៍ផ្លូវគោកដែរឬទេ? ១០. តើផ្លូវដក់នឹងលិចទឹកអាចជាកត្តាបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ដែរឬទេ? ១១. តើការបំពាក់គ្រឿងសម្រាប់ដឹកកង់ពីក្រោយរថយន្តសម្រាប់ការជិះហាត់ប្រាណខុសច្បាប់ឬទេ? ១២. តើកត្តាចរាចរណ៍ល្អមានចំណុចសំខាន់អ្វីខ្លះ? ១៣. តើគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីកត្តា មនុស្ស ផ្លូវ យានយន្ត មួយណាមានកម្រិតខ្ពស់ជាង និងទាបជាង ១៤. ផ្លាកសញ្ញាចរាចរណ៍សរសេរថា៖ ៣០ តើការបើកបរ៣០គ.ម/ម៉ោងចុះក្រោម ឬមួយក៏បើកបរ៣០គ.ម/ម៉ោងឡើងលើ និង១៥.

សំណូមពរ សុំដាក់ផ្លាកល្បឿនចរាចរណ៍ចូលក្រុងគួរតែដាក់ផ្លាកតែម្ដងរហូតដល់ចេញពីក្រុងបានទេ?។

បន្ថែមពីនេះ​ លោកស្រី​រដ្ឋលេខាធិការ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយភាគ ច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងសិទ្ធិក្នុងការបើកបរយានយន្ត ស្ថាប័នដែលមានសមត្ថកិច្ចគ្រប់គ្រង ផ្លូវថ្នល់ ការកំណត់ល្បឿន និងបញ្ហាស្តុបដែលបំពាក់នៅលើដងផ្លូវ ។ មិនតែប៉ុណ្ណោះ​ លោកស្រី​ ក៏បានលើកឡើងផងដែរអំពីវិធានការណ៍នានាក្នុងការឆ្លើយតបទៅនឹងភាពអសកម្មភាពមួយចំនួន សំដៅ ធានាដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យ ដឹងថា៖ ក្នុងពេលកំពុងប្រឈមនឹងផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ-១៩ កម្ពុជានៅមានការខាតបង់បន្ថែម ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងក្នុង រយៈពេល៩ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១៨៨៨លើក បណ្ដាលឱ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ចំនួន១៥៦០នាក់ និងរបួសស្រាលចំនួន១០២៩នាក់ គិតជាមធ្យមមានអ្នក ស្លាប់ចំនួន៣,៨នាក់ក្នុងមួយថ្ងៃ ហើយមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីការ បើកបរលើសល្បឿនកំណត់មានចំនួន៣៦% បណ្ដាលឱ្យមនុស្សស្លាប់៤៥៧នាក់ក្នុងចំណោម១០៥៨ នាក់ ការបើកបរមិនគោរពសិទ្ធិអាទិភាពមានចំនួន២៤% បណ្ដាលឱ្យស្លាប់១៨៩នាក់ ការបើកបរមិន ប្រកាន់ស្ដាំចំនួន១៥% បណ្តាលឱ្យស្លាប់១៦៣នាក់ ការវ៉ាជែង៨,៣% បង្កឱ្យស្លាប់ ៩៩នាក់ បត់ក្នុងស្ថាន ភាពគ្រោះថ្នាក់ចំនួន៨% បណ្តាលឱ្យស្លាប់៥៨នាក់ ការបើកបរប្រើគ្រឿងស្រវឹង៤% ស្លាប់៤០នាក់ កត្តាយានជំនិះ៣% ស្លាប់៣៤នាក់ បើកបរក្នុងស្ថានភាពងងុយ១% ស្លាប់៨នាក់ កត្តាផ្លូវ០,៤%ស្លាប់ ៧នាក់ និងបញ្ហាផ្សេងៗ០,៤% ស្លាប់៣នាក់ និងបណ្ដាលឱ្យខូចខាតម៉ូតូក្នុងរយៈពេល៩ខែមានចំនួន ១៩៧៤គ្រឿង រថយន្តធុនស្រាលចំនួន៧៣១គ្រឿង រថយន្តធុនធ្ងន់៥៦៦គ្រឿង និងយានយន្តផ្សេងទៀត ចំនួន២៨៩គ្រឿងផងដែរ។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យបានជ្រាបថា៖ រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោកមិនមាន បំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខ សុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print