រដ្ឋបាលខណ្ឌចម្ការមន សំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង០៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចម្ការមន បានជួបសំណេះសំណាលជាមួយសមាគមមនុស្សចាស់សង្កាត់ទាំង០៥ ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌចម្ការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចម្ការមន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល បានលើកឡើងថា ដោយសារតែក្រុមការងារយើងខ្ញុំ សុទ្ធតែក្មេងជំនាន់ក្រោយ ដូច្នេះគ្មានអ្វី ក្រៅពីប្រតិបត្តិចំពោះលោកពូទាំងអស់ ដើម្បី ការដឹកនាំ និងពន្យល់ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យដំណើរ ការដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើង ឲ្យបានរលូន នឹងទទួលបានជោគជ័យនៅក្នុងសង្កាត់ទាំង៥ នៃខណ្ឌចំការ មន ។ លោកស្រីបន្តថា ក្រោយពេលប្រកាសបង្កើតសមាគមមនុស្សចាស់នៅក្នុងខណ្ឌចំការមន សូមអោយលោកពូ ដែលជាសមាជិក រាយការណ៍មកលោកចៅសង្កាត់ ទាក់ទងនឹងស្ថានភាពនៃការរស់នៅ ដើម្បីថ្នាក់ដឹកនាំមានវិធានការ និងធ្វើការដោះស្រាយជូន ។

លោកស្រីអភិបាលរងខណ្ឌ បានបន្ថែមថា កម្ពុជា យើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែល សម្បូណ៌បែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់ យើង ហើយក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់ មនុស្សជំនាន់ក្រោយ ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការ អប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។

លោកស្រី កែវ សាម៉ុល បានបន្តទៀតថា នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់ មនុស្សវ័យចាស់ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ការផ្តល់ជូននូវរបបសន្តិសុខ សង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោល នយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានអនុវត្តគោលនយោបាយ ស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ និងនគរបាល ត្រៀមចូលនិវត្តន៍ផងដែរ។ រាជរដ្ឋាភិបាល ក៏បានបង្កើត គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់២០១៧-២០៣០ និងមានគម្រោងគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ក៏មានអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌចម្ការមន និងព្រះចៅអធិការវត្តទួលទំពូង ដើម្បីចែកជូនដល់សមាគមមនុស្សចាស់សង្កាត់ទាំង០៥ ដោយក្នុង ០១នាក់ទទួលបាន អង្ករ -មី -ទឹកក្រូច -ទឹកដោះគោឆៅ -ស្ករស -ភួយ០១ -ក្រមា ០១ -ម៉ាស់ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print