ស្អែកនេះកម្ពុជាបញ្ជូនកម្លាំងទ័ពមួកខៀវអាវុធហត្ថ៧៣នាក់ទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ស្អែកនេះ កម្ពុជានឹងបញ្ជូនកងកម្លាំងទ័ពអាវុធហត្ថមួកខៀវ ចំនួន៧៣នាក់ ក្នុងនោះមានកម្លាំងនារី៣៤នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបានបញ្ចប់បេសកកម្ម រយៈពេល១ឆ្នាំ។

ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងមួកខៀវកម្ពុជានៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននេះ គឺមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជាគឺនៅបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកកម្មដដែល គឺមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

បច្ចុប្បន្នកម្ពុជាមានកម្លាំងទ័ពមួកខៀវ ប្រមាណ៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print