Update៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្ការជំងឺកូវីដ-១៩។ ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រគល់ជូន លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ជិន វ៉ាន់ធួន អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនរដ្ឋាភិបាលវៀតណាម នៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។
សូមបញ្ជាក់ថា, នៅប្រទេសកម្ពុជាយើង , យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ១០១នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ២៣៧នាក់
-ករណីស្លាប់ ០៧នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៥នាក់)។ ដោយឡែកកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

   

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print