ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនឹងលែងប្រើឈ្មោះហ្វេសប៊ុកដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនលោក Zuckerberg បានបញ្ជាក់ថា ការប្រើឈ្មោះ Facebook សម្រាប់សម្គាល់ក្រុមហ៊ុនគឺវាភ្ជាប់ទៅនឹងផលិតផលតែមួយ ដែលវាមិនអាចតំណាងឱ្យអ្វីៗទាំងអស់ដែលក្រុមហ៊ុនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ឬនៅពេលអនាគត។ ជាមួយនឹងការប្រើឈ្មោះថ្មីសម្រាប់ស្គាល់ក្រុមហ៊ុន ពាក្យ “Facebook” នឹងត្រូវបានប្រើសម្រាប់សម្គាល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ដែលដូចគ្នានិងកម្មវិធីមួយចំនួនទៀតមានដូចជា WhatsApp និង Instagram។
គួរបញ្ជាក់ដែរថា កាលពីដើមខែតុលាកន្លងទៅនេះ សមាជិកសភាសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ខ្លាំងៗទៅលើក្រុមហ៊ុនហ្វេសប៊ុកថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Instagram របស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កុមារ បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹង ការស្រាវជ្រាវផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលបានបង្ហាញពីការព្រួយបារម្ភថា កម្មវិធីចែករំលែករូបថតរបស់ខ្លួនកំពុងតែបំផ្លាញសុខុមាលភាពរបស់កុមារ៕
ដោយ, សិលា