ខេត្តបន្ទាយមានជ័យ៖ រថយន្ត ២គ្រឿង ត្រូវបានអគ្គីភ័យឆាប់ឆេះ នៅស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងស្ថិតក្នុង សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បង្កមានការភ្ញាក់ផ្អេីលទាំងព្រឹក។
ហេតុការណ៍ គ្រោះអគ្គីភ័យកេីតឡេីងនៅវេលាម៉ោង ៧និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ ។
ក្នុងកិច្ចអន្តរាគមន៍ខាងលេីដឹកនាំដោយផ្ទាល់ លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្ដមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយកងកម្លាំងចម្រុះ ពន្លត់អគ្គីភ័យស្ថិតនៅខាងមុខផ្សារអូរអំបិល សង្កាត់ផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះ ដោយសារតែ មុនពេលកេីតហេតុ ម្ចាស់ស្ថានីយ៍បានធ្វេីការបូមប្រេង ពេលភ្លេីងម៉ូទ័របូមសាំងផ្ទេរពីស៊ីទែនសាំងនៅក្រោមដី ទៅរថយន្តដឹកប្រេង ពេលបូមប្រេងរួចដកឌុយ ស្រាប់តែបែកផ្កាភ្លេីង បង្កជាអគ្គីភ័យតែម្តង។ ក្នុងហេតុការខាងលេីបណ្តាលឱ្យម្ចាស់ការ៉ាសសាំងឈ្មោះ ជា លី រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមជម្រាបថាក្នុងអគ្គីភ័យនេះបានខូចខាត រួមមាន រថយន្ត ២គ្រឿង, សាំង ៥០០លីត្រ និងរោងក្រោយផ្ទះមួយខ្នង។ សមត្ថកិច្ច បានប្រេីប្រាស់រថយន្ដពន្លត់អគី្គភ័យរបស់ ស្នងការនគរបាលខេត្តចំនួន ៣គ្រឿង ទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
ដោយ, សិលា