ភ្នំពេញ : ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ វគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយ បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ និងវគ្គហ្វឹកហ្វឺនឆត្របញ្ជាជំនាន់ទី៥ ត្រូវបានប្រារពធ្វើឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ នៅទីបញ្ជាការដ្ឋានទ័ពពិសេស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរងនាយសេនាធិការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ និងមេបញ្ជាកាកងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថាវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ មានសិក្ខាកាមចូលរួមសរុបចំនួន ១២៣នាក់ មកពី ១១អង្គភាព ចំណុះកងទ័ពចើងគោក ដោយ ធ្វើការហ្វឹកហ្វឺន រយៈពេល ០៣ខែ ស្មើនឹង ៩១ថ្ងៃ។ ឆ្លងកាត់ការហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់នូវខ្លឹមសារមេរៀនជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ១៣នាក់ ល្អបង្គួរចំនួន ៥៧នាក់ និង មធ្យមចំនួន ១០នាក់។ចំពោះវគ្គបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ មានសិក្ខាកាមចូលរួម ចំនួន ១២០នាក់ ក្នុងបញ្ជាការដ្ឋានទ័ពពិសេសហ្វឹកហ្វឺនរយៈពេល ០២ខែ ជាលទ្ធផលនិទ្ទេសល្អ ១១នាក់ ល្អបង្គួរ ២៨នាក់ និងមធ្យមចំនួន ៦០នាក់។ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ ដែលត្រូវបើកដំណើរការនាពេលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣១៨នាក់ ក្នុងនោះសិក្ខាកាមមកពីនាយទាហានទ័ពជើងគោកចំនួន ២៣៣នាក់ នារី ៣៩នាក់ និងសិក្ខាមបញ្ជាការដ្ឋានទ័ពពិសេសចំនួន ៥០នាក់ ហ្វឹកហ្វឺនរយៈពេល ០២ខែ និងវគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥ មានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ គ្រូបង្វឹក ១០នាក់ និងអ្នកបម្រើការ ១០នាក់ ហ្វឹកហ្វឺនរយៈពេល ០២ខែ នៅទីបញ្ជាការដ្ឋានទ័ព ពិសេសកំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានលើកឡើងថា យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន ជានិច្ចកាលបានរួម ចំណែកយ៉ាងសកម្មលើគ្រប់វិស័យស្របតាមផែនការកំណែរទម្រង់របស់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានថ្លែងនូវការលើកសរសើរ ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានសហការសាមគ្គីឯកភាពជាធ្លុងមួយធ្វើឲ្យ សម្រេចនូវភារកិច្ចទូទៅ និងផែនការហ្វឹកហ្វឺនប្រចាំ ឆ្នាំនាពេលនេះ និងវគ្គបន្តបន្ទាប់។ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមគ្រូ យោធាចារ្យ និងសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការហាត់រៀន និងបង្ហាត់បង្រៀន រហូតបញ្ចប់វគ្គទទួលបានជោគជ័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់ក្មួយៗសិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនក៏ដូចជាកងទ័ពទាំងអស់ត្រូវស្មោះត្រង់ចំពោះជាតិ និងមាតុភូមិ ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ខិតខំយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន រៀនសូត្រ កសាងធនធានមនុស្សឆ្លើយតបទៅនឹងកំណែរទម្រង់របស់កងយោធពលខេមរភូមិន្ទ បង្កើនការថែរក្សា គ្រឿងសព្វាវុធ យោធបរិក្ខាគ្រប់បែបយ៉ាង ពង្រឹងគោលជំហរ សតិអារម្មណ៍ វិន័យសីលធម៌ ចូលរួម បង្ករបង្កើនផល ចិញ្ចឹមសត្វ បន្តកសាងជំរុំ ជម្រកស្នាក់នៅ និងរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយពាក់ម៉ាស់ លាងដៃ បាញ់ថ្នាំសម្លាប់មេរោគ និងមានវិធានការផ្សេងៗ ដល់កងទ័ព និងគ្រួសារកងទ័ព ធ្វើយ៉ាងណាឲ្យជៀសផុតពីការឆ្លង ការចម្លង និងការមានជំងឺមួយរយភាគរយ។ លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិក្ខាដែលត្រូវបើកវគ្គបន្តនាពេលនេះត្រូវខិតខំប្រឹងប្រែង ហ្វឹកហ្វឹនរៀនសូត្រ និងត្រង់ត្រាប់ស្តាប់គ្រូបង្វឹក ទាំងមេរៀនទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីឈាន ទៅសម្រេចជោគជ័យនៅពេលបញ្ចប់វគ្គ។ ក្នុងឪកាសបិទវគ្គនេះដែរលោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បាននាំយកនូវបវិក្ខារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភក្នុងកម្មវិធីបិទ និងបើកវគ្គនេះផងដែរ៕ ដោយ ស សម