ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះនៃខេត្តកំពង់ចាម ក្រោមចំណាត់ការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់ឱ្យកម្លាំងរួមមាន ៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក៥» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដកហូតយកវត្ថុតាងមួយចំនួន ។
លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ដែលជាអ្នកដឹកនាំប្រតិបត្តិការនេះបាន ឱ្យដឹងថា ដោយបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោកបានសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក៥» ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី ឋាន: នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក៥» នៃមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ដូចខាងក្រោមនេះ ៖
១.ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុត ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន ។
២.ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។
៣.ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀន ចំនួន០២កញ្ចប់ធំ មានទម្ងន់២,០៦៩.២៧ក្រាមទាំងសំបក រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។
សូមបញ្ជាក់ថា ចំពោះជនសង្ស័យខាងលើ បានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៏បានប្រគល់ករណីខាងលើនេះឱ្យមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណៈ