ភ្នំពេញ: នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា, ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយឆ្នេរ ខ្សាច់ និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ វារស់នៅជាហ្វូងធំរហូតដល់ ១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។
លោកបន្តថា, ស្វាក្តាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LR/nt) ជាប្រភេទរងគ្រោះតិចតួចលើពិភពលោក និងនៅតាមតំបន់ ដែលត្រូវពឹងអាស្រ័យលើកិច្ចអភិរក្សនៅកម្ពុជា។
មិនមានទិន្នន័យច្បាស់លាស់ថាពិភព លោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ។ ប៉ុន្តែយោងតាមរបាយ ការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WCS នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា តែមួយ មានវត្តមានសត្វស្វាក្តាមចំនួន ៤២៤ ក្រុម ដែលអាចមានស្វាប្រមាណ ៧០០ ក្បាល។
ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ។
ស្វាក្តាមមានការផ្លាស់ប្តូរពណ៌ពីរដំណាក់កាលសំខាន់ៗគឺពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លី ចំពោះការផ្លាស់ប្តូរពណ៌នេះប្រែប្រួលទៅតាមអាយុកាល ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅវាមានពណ៌ប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺពេលដែលវារស់នៅក្នុងព្រៃចំណែកឯពពួកស្វារស់នៅមាត់សមុទ្រភាគច្រើនមានពណ៌ភ្លឺឆើតជាងប្រភេទដែលរស់នៅតាមតំបន់ផ្សេងៗទៀត។ ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩ស.ម ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។ កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល ចំណែកស្វាចាស់វិញមានរោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក៕
ដោយ, សិលា