លោក នេត ភក្ត្រា : ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ

ចែករំលែក៖

ភ្នំពេញ: នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា, ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយ​ឆ្នេរ ខ្សាច់ និង​តាម​ឆ្នេរ​កោះ ជាពិសេស​វាលភក់​ព្រៃកោងកាង​។ វា​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់ ១០០ ក្បាល​។ ស្វា​ក្តាម កូន​ម្តង​បានតែ​មួយគត់​បន្ទាប់ពី​ពពោះ​អស់​រយៈពេល​៥-៦​ខែ​។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។

លោកបន្តថា, ស្វា​ក្តាម​ស្ថិ​តក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR/nt) ជា​ប្រភេទ​រងគ្រោះ​តិចតួច​លើ​ពិភពលោក និង​នៅតាម​តំបន់ ដែល​ត្រូវ​ពឹង​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅ​កម្ពុជា​។

មិនមានទិន្នន័យច្បាស់លាស់ថាពិភព លោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ។ ប៉ុន្តែយោងតាមរបាយ ការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WCS នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា តែមួយ មានវត្តមានសត្វស្វាក្តាមចំនួន ៤២៤ ក្រុម ដែលអាចមានស្វាប្រមាណ ៧០០ ក្បាល។

ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ។

ស្វា​ក្តាម​មានការ​ផ្លាស់ប្តូ​រព​ណ៌​ពីរ​ដំណាក់កាល​សំខាន់ៗ​គឺ​ពណ៌​ប្រផេះ​លាយ​ត្នោត និង​ពណ៌​ក្រហម​ភ្លី ចំពោះ​ការផ្លាស់ប្តូរ​ពណ៌​នេះ​ប្រែប្រួល​ទៅតាម​អាយុកាល ភេទ និង​ទីតាំង​រស់នៅ​របស់​វា​។ ជាទូទៅ​វា​មាន​ពណ៌​ប្រផេះ​ភ្លឺ​ទៅ​ពណ៌​ក្រហម​ភ្លឺ​ពេលដែល​វា​រស់នៅ​ក្នុងព្រៃ​ចំណែកឯ​ពពួក​ស្វា​រស់នៅ​មាត់សមុទ្រ​ភាគច្រើន​មាន​ពណ៌​ភ្លឺ​ឆើត​ជាង​ប្រភេទ​ដែល​រស់​នៅតាម​តំបន់​ផ្សេងៗ​ទៀត​។ ស្វា​ក្តាម​មាន​ប្រវែង​ពី​ក្បាល​ដល់​កន្ទុយ ៩២-១០៩​ស​.​ម ហើយ​កន្ទុយ​របស់​វា​វែង​ជាងគេ​ក្នុងចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីបអាស៊ី​។ កូន​របស់​វា​កើតមក​មាន​ពណ៌​ខ្មៅ​។ ចំពោះ​ស្វា​មិនទាន់​ពេញវ័យ​មាន​ដុះ​រោម​កញ្ចុំ​វែងៗ​លើ​ក្បាល ចំណែក​ស្វា​ចាស់​វិញ​មាន​រោម​វែង​ក្រាស់​ដុះ​ជុំវិញ​មុខ និង​មាន​ថ្ងាស​ទំពែក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print