អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ ឆ្នាំនាពេលនេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកលើកុមារដែលមានអាយុ ៥ ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យការបើកសាលាសាលាមត្តេយ្យសិក្សាឡើងវិញ ខណៈពេលដែលកុមារអាយុ ៦ឆ្នាំរហូត ១២ឆ្នាំបានចាក់វ៉ាក់សាំងដូសទី២ និងឈានទៅដល់ការបានសាលារៀនឡើងវិញជាប្រក្រតី។

លោកអភិបាលខេត្តបានបន្ថែមថា ទោះបីជាកុមារតូចៗបានចាក់វ៉ាក់សាំងហើយក្ដី ឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ត្រូវអប់រំណែនាំឲ្យកុមារតូចៗ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬ ជែល ឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានកូនអាយុ ៥ ឆ្នាំ សូមនាំកូនៗមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៥៩នាក់ ជាសះស្បើយសរុបចំនួន ១៣៧៦នាក់ អ្នកស្លាប់សរុប ចំនួន ៨នាក់ និង បានចាក់វ៉ាក់សាំងលើកទី២ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង សរុបចំនួន ៣៥០៥០នាក ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ សរុបចំនួន ៩២៩៧នាក់ និង ពីអាយុ៦ ឆ្នាំ ដល់១២ឆ្នាំ សរុបចំនួន ៩៧៨២ នាក់ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print