ភ្នំពេញ៖ ករណីកាប់សម្លាប់ដោយប្រើដាវសាមូរ៉ៃយ៉ាងព្រៃផ្សៃពីសំណាក់ក្រុមក្មេងស្ទាវទៅលើយុវជនស្លូតត្រង់ម្នាក់ដែលជាប្អូនប្រុសរបស់តារាសម្តែង ហេង ស្រីពេជ្រ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ មានការថ្លែងក្តីអាណិតខ្លោចចិត្តគ្រប់ៗគ្នាទៅកាន់យុវជនវ័យ៣០ឆ្នាំ ឈ្មោះថៃមករា ដែលជាមនុស្សស្លូតត្រង់ សុភាពរាបសា មានសុជីវធម៌ ដែលត្រូវបាត់បង់ជីវិតទាំងវ័យក្មេងចោលប្រពន្ធ និងកូនតូចៗពីរនាក់ក្នុងបន្ទុកគួរឲ្យអាសូរ និងគ្មានទីពឹង។
ក្រុមគ្រួសារសពនៅមិនទាន់ទទួលដំណឹងអំពីការចាប់បានជនដៃដល់នៅឡើយទេ បើទោះបីករណីនេះកើតមានឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១មក នៅគ្រាដែលជនរងគ្រោះបានធ្វើដំណើរមកផ្ទះក្រោយពីបានលក់ត្រី និងសាច់អាំងនៅជិតផ្សារក្រុងច្បារមននោះក៏ដោយ។
ទាំងភរិយាទាំងក្រុមគ្រួសារ និងទាំងតារាសម្តែងស្រី ហេង ស្រីពេជ្រ នៅតែមិនទាន់ធ្វើចិត្តនិងអាចទទួលយកហេតុការណ៍ខាងលើនេះបាននៅឡើយ ដោយនាងនិងក្រុមគ្រួសារនៅតែអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវរកជនល្មើសយកមកចាត់ការតាមនីតិវិធី ដើម្បីឲ្យវិញ្ញាណ
ក្ខន្ធជនរងគ្រោះបានទៅកាន់ទីស្ងប់សុខ។ តារាសម្តែង ហេង ស្រីពេជ្រ បានបញ្ជាក់ទាំងទឹកភ្នែកថា នាងពិតជាតក់ស្លុតនិងខូចចិត្តជាខ្លាំងក្រោយពីឮដំណឹងនៃការបាត់បង់ជីវិតរបស់ប្អូនប្រុសទាំងមិនបានត្រៀមចិត្ត។ នាងបន្តថា ម្តាយរបស់នាងក៏ខូចចិត្តមិនតិចដែរដែលត្រូវបាត់បង់កូនប្រុសស្លូតត្រង់ និងប្រកបដោយគន្លងធម៌ម្នាក់។ អ្វីដែលកាន់តែខ្លោចផ្សាទៀតនោះគឺភរិយានិងកូនតូចៗ២នាក់ក្នុងបន្ទុកដែលត្រូវលំបាកព្រោះបាត់ប្តី និងឪពុកដែលជាបង្គោលគ្រួសារនោះ។ នាងនិងក្រុមគ្រួសារនៅតែរំពឹងថានឹងទទួលបានយុត្តិធម៌ចំពោះករណីនៃអំពើឃាតកម្មក៏ព្រៃផ្សៃនិងមិនអាចបំភ្លេចបានមួយនេះ។
គួរបញ្ជាក់ដែរថា ករណីនៃការតាមកាប់សម្លាប់ដោយប្រើដាវសាមូរ៉ៃយ៉ាងព្រៃផ្សៃពីសំណាក់ក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់និងម៉ូតូជាច្រើនគ្រឿង ទៅលើជនរងគ្រោះកើតឡើងត្រង់ចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋរស់ក្នុងក្រុងច្បារមនក្រៅពីថ្លែងក្តីអាណិតជាពន់ពេកទៅកាន់យុវជនស្លូតត្រង់នេះ ក៏បានធ្វើការទទូចឲ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងធ្វើការបង្ក្រាបក្មេងទំនើងដែលតែងបង្កសកម្មភាពនានានាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ក៏មានដំណឹងក្រៅផ្លូវការបានទម្លាយដែរថា ជនសង្ស័យជាបក្សពួកមួយចំនួនត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនមកសួរនាំរួចហើយដែរ ប៉ុន្តែជនបង្កនៅតែបន្តរត់គេចខ្លួននៅឡើយ ហើយគេរំពឹងថាច្បាប់នឹងដាក់ទោសវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដើម្បីឲ្យពលរដ្ឋនៅក្រុងច្បារមនមានការស្ងប់ចិត្ត៕ ដោយ វឌ្ឍនា