ក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរវ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរវ៉ាក់សាំងបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោកស្រីអភិបាលខេត្តកោះកុងផងដែរ។

ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការអបអរសាទរនិងបានរំពឹងថា តាមរយៈការបើកទទួលទេសចរវ៉ាក់សាំងនិងការសម្របសម្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើឱ្យអាជីវកម្មទេសចរណ៍ដើរឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។

ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេសចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជំរុញផងដែរដោយដាក់ចេញវិធានការចាំបាច់នានាដើម្បីធានាបានសុវត្ថិភាព។

១-ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង។

២-ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិការទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣-បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង។

៤-ការអភិវឌ្ឍផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង។

៥-ផ្សព្វផ្សាយ អប់រំ និងបញ្ជ្រាបការយល់ ដឹងជាសាធារណៈ និងទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។

លោក ថោង ខុន មានប្រសាសន៍ថា ការផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ជាគោលដៅទទួលទេសចរវ៉ាក់សាំងក្នុងចក្ខុវិស័យស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ចាប់ផ្តើមបើកទទួលទេសចរវ៉ាក់សាំងជាមួយការគ្រប់គ្រងប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។

គោលបំណងនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញជាជំហានៗឈរលើគោលការណ៍រក្សានូវតុល្យភាពរវាងសកម្មភាពសង្គម សេដ្ឋកិច្ច និងធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ។

ក្រសួងទេសចរណ៍បានដាក់ចេញផែនការយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់៤៖

*១.ការកំណត់ប្រភពទីផ្សារដែលមានសក្តានុពល សុវត្ថិភាព និងហានិភ័យទាប។

*២.ការគ្រប់គ្រងលំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាល។

*៣.ការពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍កម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

*៤.បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ នឹងគោលដៅទេសចរណ៍កម្ពុជា។

លោករដ្ឋមន្ត្រី​ បន្តថា ជំហានទី១ យើងចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ផ្តើមនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២។ ជំហានទី២ ការបើកឡើងវិញតាមតំបន់ទទួលទេសចរអន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងទៀត។​ បើជំហានដំបូងនេះបានជោគជ័យ ជំហានទី៣នឹងការបើកឡើងវិញទាំងស្រុងទទួលទេសចរវ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង៕ដោយ​៖សហការី​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print