អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដកស្រង់សម្តីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី០២ ខែវិច្ឆិកាម្សិលមិញនេះ បានចោទប្រកាន់ចិន និងរុស្ស៊ី ថា៖ បានបរាជ័យក្នុងការបង្ហាញភាពជាមេដឹកនាំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ លោក ចូ បៃឌិន បានលើកឡើងបែបនេះនៅក្នុងសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 និងជាការរិះគន់លើលោក ស៊ី ជីនពីង ប្រធានាធិបតីចិន រួមទាំងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងសន្និសីទកំពូលនេះ។ លោកប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ធាតុពិត ចិនកំពុងព្យាយាមដើរតួនាទីក្នុងនាមជាមេដឹកនាំពិភពលោក…តែវាជាកំហុសមួយដ៏ធំដែលចិនមិនបានចូលរួមដោយផ្ទាល់ ហើយពិភពលោកទាំងមូលបានសម្លឹងមើលចិនក៏ដូចជានិយាយថា តើគុណតម្លៃអ្វីទៅដែលចិនកំពុងផ្ដល់ឱ្យ»។ ជាមួយគ្នានេះលោក ចូ បៃឌិន ក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក ពូទីនផងដែរសម្រាប់អវត្តមានក្នុងសន្និសីទកំពូល COP26ដែលរៀប ចំឡើងក្នុងទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន។ បន្ថែមពីនេះ លោក ចូ បៃឌិន បានសង្កត់ធ្ងន់ថា ចំពោះការបង្ហាញខ្លួនដោយផ្ទាល់ និងការសន្យារបស់លោកនៅក្នុងពេលសន្និសីទកំពូល COP26នេះ វាគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ ដូចពាក្យដែលលោកតែងតែអះអាងថា«America is back»៕ដោយ៖ស តារា
រូបភាព៖ឯកសារBBC