ខេត្តបន្ទាយមានជ័យៈ គ្រប់បុគ្គលទាំងអស់ ដែលចេញ-ចូលក្នុងបរិវេណរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត- ក្រុង -ស្រុក ឃុំ -សង្កាត់ ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចេញដោយក្រសួងសុខាភិ បាលឬក្រសួងការពារជាតិ នេះគឺជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២១។
លោក អ៊ុ រាត្រី មានប្រសាសន៍ទៀតថា៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិ្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេនជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ១២ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំ បានចប់គ្រប់តាមផែនការជាក់ស្ដែង និងចំពោះកុមារអាយុចាប់ពី៦ ឆ្នាំដល់អាយុក្រោម១២ ឆ្នាំ បានចាក់លើសផែនការ និងកំពុងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដល់អាយុ៥ឆ្នាំ ។ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ធ្វើឲ្យការគ្រប់គ្រងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ កំពុងឈានទៅរកភាពល្អប្រសើរឡើងវិញ។
លោកអភិបាលខេត្ត បានបន្តថា៖ ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ ២០២១ រំលឹកខួបលើកទី៦៨។
ក្នុងកិច្ចប្រជុំនេះផងដែរ អស់លោកថ្នាក់ដឹកនាំមន្ទីរ អង្គភាព មេបញ្ជាការ ស្នងការនគរបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ផងដែរ ប៉ាង វណ្ណាសេដ្ឋប្រធានមន្ទីរកសិកម្មខេត្ត បានរាយការណ៍ពីវិស័យកសិកម្ម ក្រោយពីទឹកជំនន់បានកំពុងស្រកចុះជាបណ្ដើរៗហើយនោះ ប្រជាកសិករប្រកបរបរកសិកម្ម កំពុងមមាញឹក ដើម្បីបង្កបង្កើនផល ឬស្ដារឡើងវិញ ពិសេសដំណាំស្រូវប្រាំង។ ឯវិស័យអភិវឌ្ឍន៍ជនបទ លោក ជា យុទ្ធារុណ ប្រធានមន្ទីរក៏បានលើកឡើងថាក្នុងឆ្នាំ ២០២១នេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមទីជនបទមានការខូចខាតតិចជាងឆ្នាំ២០២០ ហើយក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងត្រៀមជួសជុលឡើងវិញនាពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងផ្នែកសន្តិសុខ លោកសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការភូមិភាគទិសទី១ បន្ទាយមានជ័យ បានលើកឡើងថា សមត្ថកិច្ចខ្មែរយើងនិងសមត្ថកិច្ចថៃ បានសហការគ្នាទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់និងបានស្រាវជ្រាវឃាត់ខ្លួន មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បានជាហូរហែរ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីផងដែរ ៕ ដោយ វណ្ណា