លោក អ៊ាង សុផល្លែត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារដែលមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ, លោក អ៊ាង សុផល្លែត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារដែលមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ព្រោះជំងឺកូវីដ-១៩ គឺមានពិតមែន គ្រោះថ្នាក់ពិតមែន។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកប្រធានក្រុមការងារ បានបន្តទៀតថា មានតែវ៉ាក់សាំងទេ ដែលអាចជួយទប់ស្កាត់ ការពារអាយុជីវិតយើងបាន។ ជាមួយគ្នានេះដែរ លោក បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំ សមាជិកសមាជិកា បន្តផ្សព្វផ្សាយជំរុញដល់បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ទន្ទឹមនឹងនេះលោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុកដែលបានទទួលបងប្អូនពលករមកពីប្រទេសថៃ ឬមកពីបរទេស ដែលមានសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដោយទទួលពួកគាត់យ៉ាងល្អ។ បងប្អូនពលករពិតជាសប្បាយរីករាយ កោតសរសើរ និងអរគុណ ចំពោះការរៀបចំ និងការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបង្កលក្ខណៈដល់ការធ្វើចត្តាឡីស័ករបស់គាត់ប្រព្រឹត្តទៅដោយជោគជ័យ។

ទាក់ទងនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោក អ៊ាង សុផល្លែត បានថ្លែងកោតសរសើរដល់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានទប់ស្កាត់ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានបានល្អប្រសើរ។ លោក បន្តជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវរាល់គ្រប់បទល្មើសដែលកើតមានឡើង។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានប្រព្រឹត្តទៅនៅថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាស្រុកអូររាំងឪ ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារ ក្រុមប្រឹក្សាឃុំ សមាជិកសមាជិកាមួយចំនួនផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print