សាកសពក្មេងប្រុសលង់ទឹកម្នាក់ត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសជួយស្រង់បាន

ចែករំលែក៖

ភ្នំពេញ៖ ដោយមានសំណូមពរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន១៤នាក់ បានចុះជួយរុករកសាកសពក្មេងប្រុសម្នាក់ឈ្មោះ ឃៀង សុខលាប អាយុ១៨ខែ ដែលបានធ្លាក់ចូលប្រឡាយទឹកស្អុយ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា
កុមាររងគ្រោះបានធ្លាក់ចូលប្រឡាយទឹកស្អុយនៅម៉ោងប្រមាណ៣រសៀល ខណៈដែលដើរទៅទិញការ៉េមនៅជិតនឹងមាត់ប្រឡាយ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជួយរាវរកផងដែរ ប៉ុន្តែពុំអាចរកឃើញនោះទេ។ លុះមកដល់ម៉ោង ៧និង៣០នាទីយប់ទើបមានការរាយការណ៍មកកាន់កងកម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសដើម្បីចុះជួយសង្គ្រោះ។

ក្រោយចុះដល់ទីតាំងកើតហេតុកម្លាំងជំនាញបានរាវរកអស់រយៈពេលជាង ២០នាទីទើបរកឃើញ និងបានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស ដែលបានដឹកនាំកម្លាំងចុះជួយក្នុងហេតុការណ៍នេះបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរមាត់ប្រឡាយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗរបស់ខ្លួន ជៀសវាងបណ្តោយឱ្យដើរតែម្នាក់ឯង ឬលេងនៅកន្លែងមាត់ទឹកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយសារតែការធ្វេសប្រហែសពីសំណាក់អាណាព្យាបាល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print