ភ្នំពេញ ៖ ខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីរន្ធត់តក់ស្លុតនិងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពី រមណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នំាឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣៦ នាទី ព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំមានការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជាសហការីដ៏ល្អមួយរូប ពោរពេញដោយសមត្ថភាព និងគុណធម៌ ។
មរណភាពរបស់ឯកឧត្តម ជាការបាត់បង់នូវឥស្សរជនដ៍ឆ្នើមមួយរូប របស់រដ្ឋសភា ក៍ដូចជាប្រទេសជាតិទំាងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទូត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ។
យើងខ្ញុំ សូមបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានយោនយោគទៅកាន់ទីស្ថានបរមសុខកុំបី ឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា