ភ្នំពេញ៖ តាមរយៈផេកផ្លូវការ ( Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាពផ្តល់ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា, ការប្រកួតកីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើស ជើឯកប្រចាំឆ្នាំ២០២១ នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ចប់ជាមួយនឹងលទ្ធផលល្អប្រសើរ ដោយកីឡាករ ឌឿន រ៉ាត់ធីឌុន ឈ្នះជើងឯកវិញ្ញាសា ៥០០០ម៉ែត្រ ខណៈកីឡាការិនី ឃឺន ចន្ទចរិយ៉ា គ្រងជើងឯកវិញ្ញាសា ៣០០០ម៉ែត្រ។
ជ័យលាភីលើវិញ្ញាសាហែលទីឆ្ងាយផ្នែកបុរស ៥០០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ធ្វើសម្រេចក្នុងថិរៈវេលា ១:១០:០៣.៣០, លេខ២ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧ និងលេខ៣ បានទៅលើកីឡាករ ទួន ទិត្យសត្យា។ វិញ្ញាសាហែលទីឆ្ងាយ ៣០០០ម៉ែត្រ នារី លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ធ្វើសម្រេចក្នុងថិរៈវេលា ៤៥:០៨.៩៦, លេខ២ កាំង មុយនីន និងលេខ៣ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា នេះជាការប្រកួតសម្រាប់តែក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលកំពុងហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែប៉ុណ្ណោះ។ គោលបំណងនៃការរៀបចំការប្រកួតហែលទឹកទីឆ្ងាយនេះ គឺដើម្បីបំផុសចលនាកីឡាហែលទឹកនៅកម្ពុជាឲ្យកាន់តែមានភាពផុសផុលឡើងបន្ថែមទៀត ដែលវិញ្ញាសានេះធ្លាប់ត្រូវបានរៀបចំការប្រកួតជាច្រើនឆ្នាំកាលពីអំឡុង ឆ្នាំ១៩៩៣-១៩៩៩ ពីត្រើយម្ខាងជ្រោយចង្វារមកវេទិកាមុខព្រះបរមរាជរាំង ចំនួន៣វិញ្ញាសា មាន ៨០០ម៉ែត្រ ១៦០០ម៉ែត្រ (២បក) និង៣២០០ម៉ែត្រ (៤បក) នៅក្នុងអំឡុងពេលរៀបចំនេះក៏មានការប្រឹងប្រែងរៀបចំអភិវឌ្ឍន៍ពីលោកព្រឹទ្ធាចារ្យ ហែម ថុន (បានទទួលមរណៈភាព កាលពីឆ្នាំ២០១៥) ហើយពេលនោះអតីតកីឡាករ ហែម គីរី ក៏ជាជាជ័យលាភីលេខ១រៀងរាល់ឆ្នាំផងដែរ។ វិញ្ញាសាហែលទីឆ្ងាយនេះក៏ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងនៅក្នុងពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ កន្លងទៅផងដែរ។
អគ្គលេខាធិការរូបនេះបន្ថែមថា នៅឆ្នាំ២០២១នេះ សហព័ន្ធបានរៀបចំបំផុសវិញ្ញាសានេះឡើងវិញ តាមរយៈការរៀបចំនៅក្នុងអាងហែលទឹក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយមិនទាន់អាចរៀបចំនៅតាមទន្លេ បឹង និងសមុទ្រនៅឡើយ។ ជាមួយគ្នានេះដែរ លោក ហែម គីរី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបច្ចេកទេសរបស់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដោយក្រុមជម្រើសជាតិមានសិទ្ធផលល្អប្រសើរជាងពេលមុនៗ។ វិញ្ញាសាហែលទីឆ្ងាយនេះមិនកំណត់ថាត្រូវតែហែលរបៀបសេរីនោះទេ ប៉ុន្តែរបៀបហែលសេរីនេះងាយស្រួលជាងគេ និងបានលឿនជាងរបៀបហែលផ្សេងៗ។
លោក ហែម គីរី សង្កត់ធ្ងន់ថា ចំពោះជ័យលាភីមេដាយមាស កីឡាការិនី ឃឺន ចន្ទចរិយ៉ា គឺជាកីឡាការិនីវ័យក្មេងបំផុត ដែលទើបមានអាយុ១២ឆ្នាំប៉ុណ្ណោះនាពេលបច្ចុប្បន្ន ហើយជាការកត់សម្គាល់គឺគាត់តែងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយអាចយកឈ្នះកីឡាការិនីផ្សេងៗទៀត ក្នុងប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ។ ជារួមលោកអគ្គលេខាធិការពិតជារីករាយ ដែលលោកសង្កេតឃើញថា គ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់មានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់ ដោយកីឡាករ កីឡាការិនីបានបង្ហាញថាមពលកម្លាំងហែលមិនថយថយនោះទេ ហើយអាចបង្កើនល្បឿននៅជិតដល់ទី ដើម្បីប្រជែងជ័យលាភី។ អ្វីដែលលោកបានបង្ហាញជាក្តីមោទនភាព គឺថាអ្នកចូលរួមប្រកួតទាំងអស់មិនបោះបង់ការប្រកួតនោះទេ ដោយប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបង្កើនសិទ្ធផលរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
លោកដាក់ក្តីសង្ឃឹមថា ជាមួយនឹងការខិតខំនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនិនឹងបន្តបង្កើនគុណភាពច្ចេកទេស ដោយអាចស្វែងរកមេដាយពីលើឆាកអន្តរជាតិបាន ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះថា កីឡាករ កីឡាការិនីជម្រើសជាតិនៅវ័យក្មេងៗ ដែលជាក្តីសង្ឃឹមខ្ពស់ នៃដំណើរការអភិវឌ្ឍបន្តទៅមុខទៀត។ ជាមួយនឹងលទ្ធផលបែបនេះ លោកអគ្គលេខាធិការក៏សម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ CAMSOC ជាពិសេសគឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដែលខិតខំជំរុញការអភិវឌ្ឍវិស័យកីឡាហែលទឹកជាបន្តបន្ទាប់ និងបន្តគោលដៅឆ្ពោះទៅថ្ងៃអនាគតផងដែរ៕
ដោយ: សិលា