ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣).សេចក្តីថ្លែងហេតុរបស់លោកអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការចំនួន៥ របស់រដ្ឋបាលខេត្ត និងការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៤).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច៖
-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត(គ.ស.ប) របស់រដ្ឋបាលខេត្តស្ទឹងត្រែង
-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម(គ.ល)របស់រដ្ឋបាលខេត្តស្ទឹងត្រែង
-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត និងលេខាធិការរដ្ឋាននៃគណៈកម្មាធិការនេះ
-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្តស្ទឹងត្រែង
៥).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៦).ការពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភបុគ្គលិកមន្ត្រីប្រចាំខែសីហា ដល់ខែតុលា ឆ្នាំ២០២១
៧).ផ្សេងៗ
-ស្តីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
៨).មតិបូកសរុប និងបិទកិច្ចប្រជុំរបស់លោកប្រធានក្រុមប្រឹក្សាខេត្ត
កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕
ដោយ, សិលា