ភ្នំពេញ, នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំសន្និសីទអន្តជាតិ នៃបណ្ដា គណបក្ស នយោបាយនៅអាស៊ី (International Conference of Asian Political Parties – ICAPP) ដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍អង្គការ ICAPP និងប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍២០ឆ្នាំ នៃ ការបង្កើតអង្គការ ICAPP តាមប្រព័ន្ធ អ៊ីនធើណែត។
សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីឡា ប្រទេស ហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចប្រតិបត្តិការរវាងគណបក្សនយោបាយ នៅទ្វីបអាស៊ី គឺជាបណ្តាញគណបក្សនយោបាយធំជាងគេមួយនៅទ្វីបអាស៊ី ដែលមានសមាជិកជាង៣៥០ គណបក្សនយោបាយ មកពី៥២ ប្រទេស។ បច្ចុប្បន្ន អង្គការ ICAPP ដឹកនាំដោយ លោក Jose de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានសភាហ្វីលីពីន៥អាណត្តិ លោក Chun Eui-yong សហប្រធាន ICAPP និងជារដ្ឋមន្ត្រីការបរទេស (សាធារណៈរដ្ឋកូរ៉េ) និងអនុប្រធាន ៤រូបមកពី គណបក្សប្រជាជន កម្ពុជា គណបក្សកុម្មុយនីស្តចិន គណបក្សប៉ាគីស្ថានមូស្លីមលីក និងគណបក្ស រួបរួមរុស្ស៊ី និងមានលេខាធិការដ្ឋាន នៅសាធារណៈរដ្ឋកូរ៉េ។
គណបក្សប្រជាជនកម្ពុជា ក្រោមចក្ខុវិស័យ និងការដឹកនាំដ៏ឈ្លាសវៃនិងប្រកប ដោយ កិត្តិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគណបក្សនយោបាយនៅក្នុងតំបន់មួយនេះ។ តំណាងគណបក្ស ប្រជាជនកម្ពុជា នៅក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP រួមមាន សម្តេចវិបុលបញ្ញា សុខ អាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបច្ចុប្បន្ន លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២រដ្ឋសភា ក្នុងតួនាទី ជាអនុប្រធានអង្គការ ICAPP បានបន្តដឹកនាំចូលរួមចំណែក ពង្រឹងនិងពង្រីកកិត្យានុភាព និងការចូលរួមដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ពហុភាគីនៅក្នុងតំបន់អាស៊ីមួយនេះ។
គណបក្សប្រជាជនកម្ពុជា ក៏មានតំណាងប្រចាំការនៅក្នុងស្ថាប័នចម្រុះរបស់ ICAPP រួមមាន លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុងវេទិកាស្ត្រី ICAPP លោក ហ៊ុយ វណ្ណៈ នៅក្នុងវេទិកាសារព័ត៌មាន ICAPP និង លោក សុខ សូកេន នៅក្នុងវេទិកាយុវជន ICAPP។ គណបក្សប្រជាជនកម្ពុជា ក៏តែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អង្គការ ICAPP និង បន្តប្តេជ្ញាចូលរួមក្នុងបុព្វហេតុ ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគី និយម និងកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន សារព័ត៌មាន ការលើកកម្ពស់សិទ្ធិស្ត្រីនិងយុវជន នវានុវត្តន៍និងការតភ្ជាប់ ដើម្បីសន្តិភាព ស្ថិរភាព និងការកសាងសហគមន៍អាស៊ីរួបរួម៕
ដោយ, សុខ ខេមរា