ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ របស់ (Cambodia SEA GAMES 2023)CAMSOC ជាមួយពាក្យស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា , សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានរកឃើញក្រុមតំណាងកម្ពុជាចូលរួមប្រកួតកីឡាអេឡិចត្រូនិជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (SEAEF Dota 2 Championship 2021) ហើយ គឺក្រុម Newblood បន្ទាប់ពីក្រុមនេះ ដណ្ដើមបានជើងឯកក្នុងការប្រកួតវិញ្ញាសា Dota 2 ថ្នាក់ជាតិ កាលពីម្សិលមិញ។
ការប្រកួតចម្រាញ់រកក្រុមខ្លាំងតំណាងជាតិចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ គឺមាន ១៤ក្រុមចូលរួម ក្នុងការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា នៅក្លិប CUE Cyber Gamer រហូតដល់វគ្គផ្ដាច់ព្រ័ត្រក្រុមខ្លាំង Newblood បានយកឈ្នះក្រុម Yeaksa ក្នុងលទ្ធផលបច្ចេកទេស ៣-០ ដើម្បីគ្រងតំណែងជើងឯក និងក្លាយជាក្រុមតំណាងកម្ពុជាចូលរួមព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 តែម្ដង។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯក Dota 2 ថ្នាក់ជាតិ ពិសេសការរៀបចំកីឡាអេឡិចត្រូនិកជើងឯកអាស៊ានលើកដំបូង ក្រោយបង្កើតឲ្យមានសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ ដែលជាការបើកភ្លើងខៀវឲ្យកីឡាអេឡិចត្រូនិកកម្ពុជា មានឱកាសចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិកាន់តែច្រើន ហើយក៏ជាសញ្ញាវិជ្ជមានបញ្ជាក់ពីការរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកក្នុងតំបន់ និងនៅកម្ពុជាផងដែរ។
លោកបន្ដថា «ការប្រកួតនេះ (SEAEF Dota 2 Championship 2021) គឺសម្ដែងឲ្យឃើញនូវការរួបរួមប្រទេសក្នុងតំបន់អាស៊ាន ដែលសហការគ្នាបង្កើតទៅជាសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍មួយ ហើយរាល់ការប្រកួតថ្នាក់តំបន់ទាំងអស់ នឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងតាមដានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សូម្បីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក៏មានកិច្ចប្រជុំបច្ចេកទេសក្នុងគណៈកម្មាធិការប្រតិបត្តិដែរ»។
«នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចឲ្យយើងមើលឃើញថា ការវិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់វិស័យកីឡាអេឡិចត្រូនិកកាន់តែដើរលឿន និងបង្កលក្ខណៈងាយស្រួលឲ្យកីឡាករកម្ពុជាយើងអាចចូលរួមការប្រកួតលក្ខណៈអន្ដរជាតិបានកាន់តែច្រើន» ។ លោក លន់ សាមឌី បន្ថែម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 គ្រោងដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ ដែលធ្វើឡើងតាមអនឡាញ ដោយមាន ១០ក្រុមតំណាងឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួម(លើកលែងតែប្រទេសទីម័រខាងកើត) រួមមានកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ ។ ចំពោះប្រាក់រង្វាន់សរុបគឺមាន ៣៥,០០០ដុល្លារឯណោះ៕
ដោយ, សិលា