ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋខ្មែរចំនួន៣០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកម៉ាឡៃ ទប់ស្កាត់មិនឲ្យឆ្លងដែនដោយខុសច្បាប់ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិឣភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកម៉ាឡៃ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២១ បានដើរល្បាតតាម បន្ទាត់ព្រំដែន ប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន៣០នាក់ ស្រី១៥នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការទប់ស្កាត់មិនឲ្យពួកគាត់ឆ្លងដែនដោយខុសច្បាប់ ។ហើយ បានធ្វើការសួរនាំ និងធ្វើកិច្ចសន្យាដល់ពួកគាត់រួច ប្រគល់ទៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធី ។
លោកមេបញ្ជាការ បានបន្តថា៖ នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃដដែល កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ កងអនុសេនាតូចទី៣ បានល្បាតក្នុងភូមិសាស្ត្រ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រួមនិងសម្ភារៈមួយចំនួនមាន៖១/-ម៉ូតូ០១គ្រឿង ម៉ាកWave ពណ៌-ស គ្មានស្លាកលេខ,
២/-ទូរស័ព្ទដៃ ០១គ្រឿង,
៣/-កាំបិត ០១ដើម ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា៖យុវជនដែលត្រូវបានឃាត់ខ្លួនឈ្មោះ ហៀត ហាក់ អាយុ ២៩ឆ្នាំ ទីលំនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។តាមការសួរនាំជននេះ បានសារភាពថាខ្លួនគេធ្លាប់បានដឹកមនុស្សឆ្លងទៅប្រទេសថៃចំនួន ០២លើក រួចមកហើយ ។ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រល់ទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។ដោយ វណ្ណា