ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ របស់កងទ័ពជើងគោក ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក។
ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរដោយស្មោះចំពោះគុណបំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង និងពលទាហាន សោធននិវត្តន៍ និងពិការ ដែលកន្លងមកបានធ្វើពលិកម្មយ៉ាងច្រើន ក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិ ពេញលេញនាពេលនេះ ។ ចូលរួមចំណែក ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត អស់លោក លោកស្រីបានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានសំណូមពរដល់បង ប្អូន ដែលត្រូវចូលសោធន៍និវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋាន ខេត្តក្រុង ដែលបងប្អូនបានទៅរស់នៅ និងចូលរួម សហការជាមួយអជ្ញាធរមូលដ្ឋានឲ្យបានល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកាន់តែរីកចម្រើន ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលបានចេញពីជួរទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ ។ ក្នុងពិធី សំណេះសំណាល ឱកាសនោះ ដែរយោធិនឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានអញ្ជើញផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិមួយថ្នាក់បន្ថែមជូនដល់យោធិនចូលនិវត្តន៍ និងយោធិនពិការទាំង៤៣នាក់ជាបន្តបន្ទាប់ និងបានប្រគល់ជូនថវិកាឧបត្ថ្ភមួយចំនួនអំណោយរបស់ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ជូនដល់បងប្អូនយោធិនចូលនិវត្តន៍ និងពិការ ។
បងប្អូនយោធិនដែលត្រៀមចូលនិវត្តន៍សូមគោរពថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជាច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាព រស់នៅរបស់យោធិននិងអតីតយុទ្ធជននៅទូទាំងប្រទេសជាប់ជាប្រចាំ៕ ដោយ ស៊ុនហេង