ខេត្តឧត្តរមានជ័យ÷នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានប្រារព្ធពិធីសំណេះសំណាល យោធិនចូលសោធននិវត្តន៍ ត្រូវផ្ទេរចេញពីក្របខណ្ឌកង យោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ តន់ ញាន មានប្រសាសន៍ផ្តាំផ្ញើថា ការពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលសោធននិវត្តន៍នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ច ការពារជាតិ មាតុភូមិ បូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកមេបញ្ជាការបានបន្តថា ទោះបីអស់លោក ត្រូវដាក់ចូលសោធននិវត្តន៍ និងផ្ទេរចេញពីជួរកងទ័ពយោធពលខេមរភូមិន្ទក៏ដោយ តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន និងក្តីស្រលាញ់រាប់អានជាអតីតយុទ្ធមិត្តតាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ចកន្លងមក៕