ភ្នំពេញៈ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ។
លោកស្រីក៏បានមានប្រសាសន៍ថា ៖ សន្និបាតរយៈពេលពេញមួយថ្ងៃនេះបានបញ្ចប់ទៅដោយរលូន ហើយ លទ្ធផលនេះកើតចេញពីការចូលរួមចំណែករបស់ លោក លោកស្រី មន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងរាជធានី-ខេត្ត ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ រួមគ្នាយ៉ាងសស្រាក់សស្រាំ រៀបចំ និងចូលរួមធ្វើបទបង្ហាញ ពិភាក្សាផ្លាស់ប្តូរយោបល់ ដោយប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ការងារជាក់ស្តែងក្នុងគោលបំណងស្វែងរកឲ្យឃើញបញ្ហាប្រឈម ហើយបានដាក់ចេញជាផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្តល់អានុសាសន៍ ដូចតទៅ៖
ទី១. ការងារអប់រំផ្សព្វផ្សាយច្បាប់៖ ត្រូវបន្តការអប់រំផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយគ្រប់២៥ រាជធានី-ខេត្ត។ បញ្ហានេះគួររួមគ្នាធ្វើបច្ចុប្បន្នកម្មវិធីសាស្ត្រអប់រំផ្សព្វផ្សាយច្បាប់ឲ្យបានកាន់តែទូលំទូលាយ និងកាន់តែស៊ីជម្រៅជាងមុន។ ប្រធានបទសម្រាប់ផ្សព្វផ្សាយ ត្រូវត្រៀមរៀបចំឲ្យបានច្បាស់លាស់ត្រឹមត្រូវ សមស្របតាមគោលដៅ ស្ថានភាពភូមិសាស្ត្រ ប្រជារាស្ត្រ និងបញ្ហាជាអាទិភាព ដែលមានសង្គតិភាពជាមួយបច្ចុប្បន្នភាព ។
ទី២. ការងារអធិការកិច្ច៖ ក្នុងឆ្នាំ២០១៥ ក្រសួងបានចាត់តាំងប្រតិភូអធិការកិច្ច ឲ្យចុះធ្វើអធិការកិច្ច និងតាមដានអនុវត្តន៍ច្បាប់ ទទួលបានលទ្ធផលគួរឲ្យកោតសរសើរ។ សម្រាប់ឆ្នាំ២០១៦នេះ យើងត្រូវបន្តធ្វើកិច្ចការនេះ និងតាមដានការអនុវត្តន៍ច្បាប់ ដើម្បីជម្រុញឲ្យបណ្តាអង្គភាព ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឲ្យអនុវត្តបេសកកម្ម តួនាទីភារកិច្ច សមស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត រួមទាំងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ។ បណ្តាប្រធានមន្ទីររាជធានី-ខេត្ត ត្រូវខិតខំកសាងសមត្ថភាពរបស់ខ្លួន និងសហការីជាប្រចាំ ដើម្បីឲ្យឆ្លើយតបបាននូវតម្រូវការនៃការងារអធិការកិច្ច។ ក្នុងពេលបំពេញបេសកកម្មចុះធ្វើអធិការកិច្ច មន្ត្រីអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយ។
ទី៣. ការងារទទួល និងដោះស្រាយពាក្យបណ្តឹង៖ ត្រូវយកចិត្តទុកដាក់នូវបញ្ហាមួយចំនួន ដូចជាការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង ត្រូវខិតខំរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងរឹងមាំគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដានស៊ើបសួរព័ត៌មានអំពីវឌ្ឍភាព នៃការដោះស្រាយឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ទី៤. ការអភិវឌ្ឍន៍ស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងការបញ្ជ្រាបយេនឌ័រ៖ ដើម្បីលើកកម្ពស់ការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឲ្យមានប្រសិទ្ធភាព មន្ត្រីរាជការក្រសួង ត្រូវស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិនានាដែលពាក់ព័ន្ធ និងការងារស្នូលរបស់យើង បង្កលក្ខណៈឲ្យមានឱកាសបានយល់ដឹងអំពីច្បាប់ បង្កើតសមត្ថភាពក្នុងការបកស្រាយគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងត្រូវពង្រឹងវិន័យការងារដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាននានា។ ត្រូវខិតខំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច និងអនុក្រឹត្យដែលពាក់ព័ន្ធ។ ចំពោះការបណ្តុះបណ្តាលមុខជំនាញ ត្រូវខិតខំរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលមុខជំនាញឲ្យបានច្រើន ដូចជាជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញជាអន្ដរការីសម្របសម្រួលការងាររវាងអង្គនីតិបញ្ញត្ដិ និងអង្គនីតិប្រតិបតិ្ដ ជំនាញអធិការកិច្ច និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចំាំបាច់របស់ក្រសួង ។ ខ្ញុំសូមណែនាំដល់គ្រប់អង្គភាពឲ្យបង្កើនការត្រួតពិនិត្យលើការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីឲ្យបានសមស្រប និងប្រើប្រាស់ធនធានមនុស្ស ។ ចាប់ពីឆ្នាំ២០១៦តទៅ ការពង្រឹងរបបហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវធ្វើឲ្យបានហ្មត់ចត់ ច្បាស់លាស់ ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកា ត្រូវមានប្រសិទ្ធភាព គណនេយ្យភាព និងសមស្របតាមបទដ្ឋានគតិយុត្ត។ ត្រូវខិតខំអនុវត្តបន្តនូវយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួង ដោយជ្រៀតបញ្ចូលទៅក្នុងការងារអប់រំផ្សព្វផ្សាយច្បាប់ ការធ្វើអធិការកិច្ច ការទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ និងការងារជំនាញផ្សេងៗទៀត ។ ក្រុមការងារយេនឌ័ររបស់ក្រសួងត្រូវខិតខំសហការ ជាមួយប្រធានអង្គភាពនានា ដើម្បីរៀបចំផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ។
ទី៥. ត្រៀមលក្ខណៈសម្បត្តិឲ្យបានសមស្របជាមួយនឹងនិន្នាការថ្មីគឺ៖ ការអនុវត្តថវិកាតាមកម្មវិធីការងាររបស់អង្គភាពនីមួយៗ ឆ្លើយតបបានទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការងារគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិតាមកម្មវិធី៎៎៕
សុខ ខេមរា