ខេត្តក្រចេះ៖ ក្រុមជនដៃដល់ប្រដាប់អាវុធ៣នាក់ ក្នុងអំពើរប្លន់បាញ់សម្លាប់បុរសអ្នកចម្ការម្នាក់រស់នៅតំបន់ជនបទដាច់ស្រយ៉ាលក្នុងស្រុកស្នួល និងបានប្លន់យកលុយចំនួន២លានរៀល ត្រូវបាននគរបាលបំបែកសំណុំរឿងក្រសោបចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៦ មេសា ក្រោយអំឡុងរយះពេលជិត២៤ម៉ោងបន្ទាប់ពីមានការចុះស៊ើបអង្កេត។
អធិការនគរបាលស្រុកស្នួលលោកចាន់ សុខគីម បានឲ្យដឹងទៀតថា ក្រោមការចុះស៊ើបអង្កេតយ៉ាងល្អិតល្អន់ របស់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត-ស្រុក ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាន ឈានដល់ការកំណត់លើមុខសញ្ញា និងមានការចាប់ឃាត់ខ្លួនបក្សពួកជនសង្ស័យបានចំនួន៣នាក់ នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ។
នគរបាលព្រហ្មទណ្ឌបានបង្ហាញអត្តសញ្ញាណរបស់ក្រុមជនសង្ស័យដៃដល់ទាំងបីនាក់នេះមានឈ្មោះ ឡេង វី អាយុ៣៣ឆ្នាំ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះអឿន ភេ អាយុ២៥ឆ្នាំ ជនសង្ស័យទាំងពីររស់នៅ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយយប់ថ្ងៃកើតហេតុពួកគេទាំងពីរនាក់នេះ ប្រដាប់ដោយអាវុធអាការស្វាយបត់មួយដើមបានចូលទៅបាញ់ប្លន់បុរសរងគ្រោះដល់ក្នុងផ្ទះ និងជនសង្ស័យម្នាក់ទៀតឈ្មោះ សេន ឡាង អាយុ៣៤ឆ្នាំ ជាអ្នកជិះម៉ូតូឌុបជនសង្ស័យដៃដល់ទាំងពីរនាក់ទាំងមុនពេលនិងក្រោយពេលធ្វើសកម្មភាពបាញ់ប្លន់។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍លន់ សុផាត បានឲ្យដឹងថា នគរបាលជំនាញកំពុងតែសាកសួរលើជនសង្ស័យទាំង ៣នាក់ និងត្រូវបន្តនីតិវិធីបន្តទៅសាលាដំបូង។លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា ជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល ក្នុងកិច្ចខិតខំប្រឹងប្រែងលើប្រតិបត្តការបង្រ្កាបក្រុមមុខសញ្ញាអំពើរប្លន់មួយករណីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិការចំនួន៥លានរៀល ដល់កម្លាំងនគរបាលព្រហ្មទណ្ឌ ដូចគ្នានេះដែរឯកឧត្តម ស ចំរ៉ុង អភិបាលខេត្តក៏ បានឧបត្ថម្ភថវិការ ចំនួន៥លានរៀលដល់នគរបាលព្រហ្មទណ្ឌផង ដែរ៕
ដោយ៖ សហការី