រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តចាក់វា៉ក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមក អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានដំណើរការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ បានយ៉ាងរលូនស្របតាមប្រតិទិនការងារដែលបានគ្រោងទុក ហើយ ប្រជាពលរដ្ឋជាច្រើនក៏បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងតាមគោលដៅដែលបានកំណត់។ រដ្ឋបាលរាជធានី ភ្នំពេញ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់ជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំប្រឆាំងនឹងជំងឺកូវីដ-១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់បានអញ្ជើញ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅឡើយដោយមូលហេតុមួយចំនួន រួមមាន៖ ជាប់ អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាព, មានធុរៈចាំបាច់ ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាម អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ដែលខកខានមិនបានមកទទួលវ៉ាក់សាំងដោយមូលហេតុខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹង ជាថ្មី នៅតាមទីតាំងដូចមានឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។

ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដួសទី៣ ឱ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាត នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់៕

...

 

ដោយ : សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print